ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ
(រាជធានីភ្នំពេញ)÷រន្ធត់ទាំងព្រឹក អំពើឃាតកម្មដ៏សាហាវមួយបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកធ្វើដំណើរ តាមបណ្ដោយមហាវិថី ៦០ម៉ែត្រ កាលពីព្រឹកព្រលឹម ថ្ងៃអាទិត្យទី២៦ ខែមេសា ឆ្នាំ២០២៦ នេះ បន្ទាប់ពីបុរសពីរនាក់បានស្លាប់ភ្លាមៗ ក្រោយការប្រតាយប្រតប់គ្នាដោយអាវុធមុតស្រួច។
បើតាមប្រភពព័ត៌មាន នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះ និងបងប្រុសថ្លៃ បានធ្វើដំណើរតាមម៉ូតូជាមួយគ្នាដើម្បីទៅបំពេញការងារតាមធម្មតា។ លុះមកដល់ចំណុច ស្ពានព្រែកហូរ ស្រាប់តែលេចមុខជនសង្ស័យដែលត្រូវជាអតីតសង្សារ បានជិះម៉ូតូមកកាត់មុខ រួចយកដុំថ្មគប់ទៅលើនារីរងគ្រោះត្រូវចំភ្លៅ បង្កឱ្យមានការភ័យខ្លាចយ៉ាងខ្លាំង។
បន្ទាប់ពីគប់រួចជនសង្ស័យមិនបានឈប់ត្រឹមនោះទេ គឺបានបន្តបើកម៉ូតូដេញតាមពីក្រោយយ៉ាងប្រកិត។ ដោយមើលឃើញសភាពការណ៍មិនស្រួល បុរសជាបងថ្លៃក៏បានព្យាយាមបើកម៉ូតូអែបខាងដើម្បីការពារសុវត្ថិភាព។ ភ្លាមៗនោះ ជនសង្ស័យបានដកកាំបិតបម្រុងនឹងស្ទុះទៅចាក់នារីជាអតីតសង្សារឱ្យខាងតែបាន។
ចំណែកបុរសជាបងថ្លៃបានសម្រេចចិត្តរុញនារីរងគ្រោះចេញឱ្យផុតពីមុខអាវុធ រួចក៏ចូលទៅប្រតាយប្រតប់ជាមួយជនល្មើស ដើម្បីការពារប្អូនស្រី។ ជាអកុសល ក្នុងអំឡុងពេលតស៊ូគ្នាយ៉ាងសាហាវនោះ ភាគីទាំងសងខាងបានចាក់គ្នាទៅវិញទៅមក បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងររហូតដួលស្លាប់ក្នុងថ្លុកឈាមទាំងពីរនាក់តែម្តង៕





