ចេញផ្សាយ ថ្ងៃទី22 ខែតុលា ឆ្នាំ 2026
ដោយ÷ វីស៊ីអេស ធីវីអនឡាញ

ខេត្តកំពង់ធំ៖ នៅវេលាម៉ោងប្រមាណ ៣:៤៥នាទីទៀបភ្លឺ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សហការជាមួយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បានចុះបង្ក្រាបបទល្មើសព្រៃឈើនៅចំណុចអូរអន្ទ្រក តំបន់ព្រៃអង់តែន ស្ថិតក្នុងភូមិសាស្ត្រឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ប្រតិបត្តិការនេះធ្វើឡើងតាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ដើម្បីទប់ស្កាត់សកម្មភាពកាប់ និងដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់។
លោកវរសេនីយ៍ទោ ទិត ចាន់ នាយសេនាធិការរង និងជាប្រធានក្រុមកងកម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសព្រៃឈើ បានបញ្ជាក់ថា ក្នុងពេលចុះរុករក កម្លាំងសមត្ថកិច្ចបានប្រទះឃើញគោយន្តកន្ត្រៃមួយគ្រឿង កំពុងដឹកឈើមូលស្រស់ខុសច្បាប់ និងបានស្ទាក់ចាប់នៅនឹងកន្លែង។ ប៉ុន្តែម្ចាស់គោយន្តបានរត់គេចខ្លួន ដោយបន្សល់ទុកគោយន្ត និងឈើមូលប្រមាណជាង ៤០កំណាត់។
ជាមួយគ្នានេះ ក្រុមជនសង្ស័យដែលដឹកជញ្ជូនឈើនៅទីតាំងបីផ្សេងទៀតក្នុងតំបន់ដូចគ្នា បានកាត់ទម្លាក់ឈើចោល រួចបើកគោយន្តរត់គេចខ្លួន ដោយបន្សល់ទុកម៉ាស៊ីនកាត់ឈើមួយគ្រឿង និងឈើមូលស្រស់ប្រមាណជាង ១១០កំណាត់។
សរុបវត្ថុតាងដែលត្រូវបានរកឃើញ និងរឹបអូស រួមមាន៖
គោយន្តកន្ត្រៃចំនួន ១គ្រឿង
ម៉ាស៊ីនកាត់ឈើចំនួន ១គ្រឿង
ឈើមូលស្រស់ជាង ១៥០កំណាត់
នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជាឱ្យស្ថាប័នជំនាញរដ្ឋបាលព្រៃឈើ កងកម្លាំងសឹករង និងសមត្ថកិច្ចពាក់ព័ន្ធ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

By Dy Chanthoeun

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *

You missed