ចេញផ្សាយ ថ្ងៃទី28 ខែតុលា ឆ្នាំ 2026
ដោយ÷ វីស៊ីអេស ធីវីអនឡាញ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ ពិធីបិទវគ្គបណ្ដុះបណ្ដាល ស្ដីពី «ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន» បានប្រព្រឹត្តទៅ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅសាលចតុមុខមង្គល ទីស្តីការក្រសួងព័ត៌មាន។

ក្នុងឱកាសដ៏មានអត្ថន័យនេះ ក៏មានពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការបញ្ចប់វគ្គសិក្សា ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ចំណេះដឹង និងការយល់ដឹងរបស់អ្នកសារព័ត៌មានអំពីច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍សំខាន់ៗដែលពាក់ព័ន្ធនឹងការប្រកបវិជ្ជាជីវៈសារព័ត៌មាន ដើម្បីជំរុញការអនុវត្តការងារឱ្យបានត្រឹមត្រូវ មានការទទួលខុសត្រូវ និងស្របតាមច្បាប់ជាធរមាន។

តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ អ្នកសារព័ត៌មានមានឱកាសសិក្សាស្វែងយល់បន្ថែមអំពីក្របខណ្ឌច្បាប់ដែលពាក់ព័ន្ធនឹងវិស័យព័ត៌មាន ការបំពេញតួនាទី និងភារកិច្ចប្រកបដោយវិជ្ជាជីវៈ ព្រមទាំងការបង្កើនសមត្ថភាពក្នុងការប្រមូលព័ត៌មាន ផ្ទៀងផ្ទាត់ប្រភព និងផ្សព្វផ្សាយព័ត៌មានប្រកបដោយភាពត្រឹមត្រូវ តម្លាភាព និងក្រមសីលធម៌វិជ្ជាជីវៈ។

ពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ ក៏ជាឱកាសសម្រាប់អ្នកចូលរួមយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានទៅអនុវត្តក្នុងការងារជាក់ស្ដែង ដើម្បីរួមចំណែកលើកកម្ពស់គុណភាពព័ត៌មាន ពង្រឹងទំនុកចិត្តរបស់សាធារណជន និងចូលរួមអភិវឌ្ឍវិស័យសារព័ត៌មាននៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។

ជារួម វគ្គបណ្ដុះបណ្ដាលនេះបានបង្ហាញពីសារៈសំខាន់នៃការយល់ដឹង និងការអនុវត្តច្បាប់ក្នុងវិជ្ជាជីវៈសារព័ត៌មាន ដោយអ្នកសារព័ត៌មានគ្រប់រូបត្រូវបន្តពង្រឹងសមត្ថភាព ចំណេះដឹង និងសីលធម៌វិជ្ជាជីវៈ ដើម្បីបំពេញតួនាទីជាអ្នកផ្ដល់ព័ត៌មានជូនសាធារណជនដោយការទទួលខុសត្រូវ៕

By Dy Chanthoeun

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *

You missed