ចេញផ្សាយ ថ្ងៃទី28 ខែតុលា ឆ្នាំ 2026
ដោយ÷ វីស៊ីអេស ធីវីអនឡាញ

ភ្នំពេញ៖ ក្រសួងព័ត៌មានបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន» រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅសាលចតុមុខមង្គល ទីស្តីការក្រសួងព័ត៌មាន ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកច្បាប់ ក្រមសីលធម៌ និងការទទួលខុសត្រូវក្នុងវិជ្ជាជីវៈសារព័ត៌មាន។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ដោយមានមន្ត្រីរាជការក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានចូលរួមសរុបចំនួន ២៦៣នាក់ ក្នុងនោះមានអ្នកសារព័ត៌មាន ២៣១នាក់ មកពី ១៤៦អង្គភាព។
ក្នុងរយៈពេលបណ្តុះបណ្តាល សិក្ខាកាមបានសិក្សា និងស្តាប់បទបង្ហាញលើប្រធានបទសំខាន់ៗ រួមមាន ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យសារព័ត៌មាន ក្រមសីលធម៌វិជ្ជាជីវៈ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ការទទួលខុសត្រូវផ្នែកច្បាប់ និងជំនាញផ្ទៀងផ្ទាត់ព័ត៌មាន ព្រមទាំងការយល់ដឹងអំពីមាតិកាដែលបង្កើត ឬកែប្រែដោយបញ្ញាសិប្បនិម្មិត (AI)។
ក្នុងនោះ ឯកឧត្តម គាម ម៉ារិទ្ធីយ៉ា អនុរដ្ឋលេខាធិការ បានធ្វើបទបង្ហាញស្តីពី «ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធវិស័យសារព័ត៌មាន» ខណៈឯកឧត្តមបណ្ឌិត ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការ បានធ្វើបទបង្ហាញលើប្រធានបទ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន»។ ចំណែកលោក ពៅ ពិសិដ្ឋ អគ្គលេខាធិការរង បានចែករំលែកចំណេះដឹងស្តីពី «ក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវផ្នែកច្បាប់របស់អ្នកសារព័ត៌មាន»។
ក្នុងឱកាសនោះ ឯកឧត្តម ជុំ កុសល បានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្ទៀងផ្ទាត់ប្រភពព័ត៌មាន និងភស្តុតាងឱ្យបានច្បាស់លាស់មុនពេលផ្សព្វផ្សាយ ការគោរពសិទ្ធិឯកជនភាព និងការកែតម្រូវកំហុសឱ្យបានទាន់ពេលវេលា ប្រកបដោយតម្លាភាព។ ជាពិសេស ការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងការងារសារព័ត៌មាន ត្រូវមានការត្រួតពិនិត្យ និងការទទួលខុសត្រូវពីមនុស្ស ដើម្បីធានាភាពត្រឹមត្រូវ និងភាពជឿជាក់នៃព័ត៌មាន។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងជំរុញឱ្យអ្នកសារព័ត៌មានយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានទៅអនុវត្តក្នុងការងារប្រចាំថ្ងៃ ដើម្បីពង្រឹងគុណភាពសារព័ត៌មាន ការគោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងបង្កើនទំនុកចិត្តរបស់សាធារណជនលើវិស័យសារព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវ សេចក្តីថ្លៃថ្នូររបស់មនុស្ស និងប្រយោជន៍សាធារណៈជាគោល។
ប្រភព៖ ក្រសួងព័ត៌មាន

By Dy Chanthoeun

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *

You missed