ចេញផ្សាយ ថ្ងៃទី28 ខែតុលា ឆ្នាំ 2026
ដោយ÷ វីស៊ីអេស ធីវីអនឡាញ

នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ឧត្តមសេនីយ៍ទោ MARKOVCHIN Sergei Grigorievich មេបញ្ជាការរងកងទ័ពជើងគោកនៃសហព័ន្ធរុស្ស៊ី និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប, ឯកឧត្តម ឧត្តមសេនីយ៍ទោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលនេះ។ ឯកឧត្តមក៏បានគោរពរាយការណ៍ជូនសម្ដេចធិបតីអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការពារជាតិ រវាងប្រទេសទាំងពីរ នាពេលកន្លងមក។ ជាមួយគ្នានោះ, ឯកឧត្តម ឧត្តមសេនីយ៍ទោ បានសម្តែងការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​ដ៏ល្អរវាងប្រទេសទាំងពីរ​ និងប្ដេជ្ញាបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ រីកចម្រើន និងយូរអង្វែងបន្តទៀត។

ជាការឆ្លើយតប, សម្ដេចធិបតីបានថ្លែងអំណរគុណចំពោះសហព័ន្ធរុស្ស៊ី ដែលបានជួយបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជាជាបន្តបន្ទាប់​មក​ទល់​បច្ចុប្បន្ន​។ សម្ដេចធិបតីគូសបញ្ជាក់អំពី​ការ​គាំទ្រ​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​បន្ត​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ការពារជាតិ​រវាង​ប្រទេស​ទាំងពីរ។

មុននឹងបញ្ចប់, សម្ដេចធិបតី និងឯកឧត្តម ឧត្តមសេនីយ៍ទោ ក៏បានពិភាក្សា និងផ្លាស់ប្ដូរទស្សនៈគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការពារជាតិ តាមរយៈ​ការបន្តផ្លាស់ប្ដូរដំណើរទស្សនកិច្ចរវាង​នាយ​ទាហាន​នៃ​ប្រទេស​ទាំងពីរ​ និងការផ្លាស់ប្ដូរបទពិសោធន៍ ចំណេះដឹង និងជំនាញ ដែលជាការបំពេញឱ្យគ្នាទៅវិញទៅមកសម្រាប់ជាឧត្តមប្រយោជន៍​ នៃប្រទេសទាំងពីរ៕

By Dy Chanthoeun

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *

You missed