ចេញផ្សាយ ថ្ងៃទី 26 ខែមេសា ឆ្នាំ 2026
ដោយ÷ វីស៊ីអេស ធីវីអនឡាញ
ខេត្តបន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ រួមជាមួយវត្ថុតាងគ្រឿងញៀន និងសម្ភារៈពាក់ព័ន្ធមួយចំនួនធំ កាលពីវេលាម៉ោង ១៧:២០នាទី ល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។
សកម្មភាពបង្ក្រាប និងទីតាំងប្រតិបត្តិការ
ប្រតិបត្តិការនេះដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ កម្លាំងជំនាញបានចុះអនុវត្តច្បាប់នៅចំណុចផ្លូវចូលហ្គោលថោន ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
អត្តសញ្ញាណជនសង្ស័យទាំង ៥នាក់
ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ រួមមាន៖
ឈ្មោះ ឆោម សាលីន ភេទប្រុស អាយុ ២៧ឆ្នាំ (មេការខារ៉ាអូខេ)៖ ពីបទជួញដូរ និងប្រើប្រាស់។
ឈ្មោះ ចេន ដារ៉ូ ភេទប្រុស អាយុ ២៧ឆ្នាំ (ចាក់ឌីជេ)៖ ពីបទជួញដូរ រក្សាទុក និងប្រើប្រាស់។
ឈ្មោះ សិទ្ធិ ទិត្យា (ហៅ តាន) ភេទប្រុស អាយុ ៣០ឆ្នាំ (អ្នកចិញ្ចឹមគោ មកពីខេត្តបាត់ដំបង)៖ ពីបទរក្សាទុក និងប្រើប្រាស់។
ឈ្មោះ ហួត លីម៉េង ភេទប្រុស អាយុ ៤៥ឆ្នាំ (មុខរបរលក់ដូរ)៖ ពីបទប្រើប្រាស់។
ឈ្មោះ អ៊ី ពិសី (ហៅ ប៊ី) ភេទស្រី អាយុ ២៤ឆ្នាំ (គ្មានមុខរបរ មកពីភ្នំពេញ)៖ ពីបទប្រើប្រាស់។
វត្ថុតាងដែលដកហូតបាន
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបាននូវវត្ថុតាងជាច្រើនរួមមាន៖
គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌ស (កេតាមីន)៖ ចំនួន ៣៤ថង់កិប (ទម្ងន់ ៥២,៩៥ក្រាម)។
ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ី (ម្ស៉ៅ PORSCHE)៖ ចំនួន ២៥កញ្ចប់ (ទម្ងន់ ១៣៧,៨៨ក្រាម)។
ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ី (ម្ស៉ៅម៉ត់ពណ៌ទឹកក្រូច)៖ ចំនួន ១៤ថង់កិប (ទម្ងន់ ១៨,៥៩ក្រាម)។
សម្ភារៈដកហូតផ្សេងៗ៖ ជញ្ជីងថ្លឹងគ្រឿងញៀន ២គ្រឿង, រថយន្ត ១គ្រឿង, ម៉ូតូ ១គ្រឿង, ទូរស័ព្ទ ១០គ្រឿង និងកុំព្យូទ័រ ១គ្រឿង។
ចម្លើយសារភាព និងចំណាត់ការច្បាប់
លោកវរសេនីយ៍ត្រី សុខ ឡេង បានបញ្ជាក់ថា ក្រោយការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានទិញគ្រឿងញៀនទាំងនោះមក ដើម្បីរក្សាទុកសម្រាប់លក់បន្តផង និងប្រើប្រាស់ខ្លួនឯងផង។
យោងតាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឲ្យដឹងថា បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន៕

