(តាកែវ)៖ ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញកងរាជអាវុធហត្ថ បានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនយ៉ាងធំមួយ ដោយពន្លាតដែនសមត្ថកិច្ចពីខេត្តតាកែវ រហូតដល់រាជធានីភ្នំពេញ។
តាមរបាយការណ៍ បានឱ្យដឹងថា កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដឹកនាំដោយលោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានចុះបង្ក្រាបដំបូងនៅចំណុចភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់។
របាយការណ៍ខាងលើ បានឱ្យដឹងទៀតថា បន្ទាប់ពីការសាកសួរ និងស្រាវជ្រាវយ៉ាងក្ដៅគគុក កម្លាំងជំនាញ បានបន្តពន្លាតប្រតិបត្តិការទៅកាន់រាជធានីភ្នំពេញ ដោយសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង ស៊ីន រក្សា ដោយបង្ក្រាបបានចំនួន ០២ទីតាំងបន្ថែមទៀត ក្នុងខណ្ឌសែនសុខ និងខណ្ឌកំបូល។
លទ្ធផលនៃប្រតិបត្តិការដ៏ធំនេះ រួមមាន៖ ការឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៦នាក់ (ស្រី ០២នាក់) ដែលមានមុខរបរមិនពិតប្រាកដ និងមានទីលំនៅមកពីបណ្ដាខេត្តផ្សេងៗគ្នា រួមមាន តាកែវ ភ្នំពេញ បន្ទាយមានជ័យ និងស្វាយរៀង។
វត្ថុតាងដែលដកហូតបាន រួមមាន៖ សារធាតុញៀនសរុបជាង ១៥គីឡូក្រាម (រួមមាន ម្សៅក្រាមពណ៌សថ្លា (MET) ជិត ១៤.៤គីឡូក្រាម, ថ្នាំគ្រាប់ WY ជាង ៣,៥០០គ្រាប់ និងម្សៅពណ៌ទឹកក្រូច (Ketamine) ជាង ០១គីឡូក្រាម), រថយន្ត LEXUS NX200T ចំនួន ០១គ្រឿង, ម៉ូតូ ០៣គ្រឿង, ម៉ូតូកង់បី (PassApp) ០១គ្រឿង និងទូរស័ព្ទដៃ ០៩គ្រឿង, កាំភ្លើងកែច្នៃ ០១ដើម, ជញ្ជីងថ្លឹងថ្នាំញៀន ០៣គ្រឿង, ម៉ាស៊ីនអ៊ុតមាត់ថង់ ០១គ្រឿង ព្រមទាំងលិខិតឆ្លងដែន និងសម្ភារៈវេចខ្ចប់មួយចំនួនធំ។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងទាំងអស់ ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

