វីដេអូស្តីពីសកម្មភាពយុវតី ០៣នាក់ ប្រព្រឹត្តហិង្សាទៅលើយុវតីម្នាក់ជាមិត្តរួមថ្នាក់ ត្រូវបានចែករំលែកក្នុងបណ្តាញសង្គម នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានធ្វើឱ្យផ្ទុះការវែកញែក និងចែករំលែកបន្តដោយមហាជនជាច្រើនពាន់ម៉ឺននាក់។

បើទោះបីមានមតិជាច្រើនខុសៗគ្នា ទាំងអ្នកដឹងហេតុការណ៍ ឬមិនដឹងហេតុការណ៍ មានហេតុផល ឬមិនមានហេតុផល មានពាក្យពេចន៍ថ្លៃថ្នូរ ឬពាក្យពេចន៍អសុរស តែមតិទាំងនេះពុំមែនជាមូលដ្ឋានដំណោះស្រាយសមស្របសម្រាប់គូរភាគីឡើយ។

ក្នុងច្បាប់ស្តីពី យុត្តិធម៌អនីតិជន មាត្រា ១៤ ចែងថា ” អនីតិជនក្រោម ១៤ (ដប់បួន) ឆ្នាំ ដែលជាប់សង្ស័យថាបានប្រព្រឹត្តបទល្មើស ពុំអាចត្រូវបានគេឃាត់ខ្លួនឡើយ …”

ដោយឡែកហេតុការណ៍ខាងលើ កើតឡើងកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅក្នុងវិទ្យាល័យព្រះយុគន្ធរ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ យុវតីរងគ្រោះ អាយុ ១៣ឆ្នាំ ត្រូវបានមិត្តរួមថ្នាក់ ០៣នាក់ (អាយុ ១៣ឆ្នាំ ០២នាក់, អាយុ ១២ឆ្នាំ ០១នាក់) ប្រព្រឹត្តហិង្សាលើខ្លួន ដោយចោទប្រកាន់យុវតីរងគ្រោះថា បានចាក់រុក ញុះញង់ឱ្យពួកគេឈ្លោះប្រកែកគ្នា។ ប្រហែលកន្លះខែក្រោយមកគឺនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ ម្តាយយុវតីរងគ្រោះ បាននាំកូនស្រីមកដាក់ពាក្យបណ្ដឹងនៅអាវុធហត្ថរាជធានីភ្នំពេញ។

បន្ទាប់ពីទទួលបណ្ដឹង មន្ត្រីជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរបស់អាវុធហត្ថរាជធានីភ្នំពេញ បានបំពេញកិច្ចតាមនីតិវិធី ដោយធ្វើការកោះហៅភាគី ជនសង្ស័យទាំង ០៣នាក់ រួមទាំងអាណាព្យាបាលមកសាកសួរអំពីរឿងហេតុ។ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ភាគីជនសង្ស័យ ទាំង០៣នាក់ រួមទាំងអាណាព្យាបាល បានចូលខ្លួនមកឆ្លើយបំភ្លឺនិងសារភាពអំពីកំហុស។

ដោយហេតុថា យុវតីទាំង ០៣នាក់ ដែលប្រព្រឹត្តហិង្សាជាអនីតិជនអាយុក្រោម ១៤ឆ្នាំ ច្បាប់មិនត្រូវបានអនុញ្ញាតឱ្យឃាត់ខ្លួនឡើយ សមត្ថកិច្ចបានធ្វើការសម្របសម្រួលឱ្យគូរភាគីធ្វើការចចារគ្នាបញ្ចប់រឿង ប៉ុន្តែដោយការចរចារមិនត្រូវគ្នា និងដោយមានការសម្របសម្រួលពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជនសង្ស័យជាអនីតិជនទាំង ០៣នាក់ ឱ្យទៅអាណាព្យាបាលធានាយកត្រលប់ទៅលំនៅដ្ឋានវិញ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី។

ដូច្នេះដើម្បីរក្សាភាពថ្លៃថ្នូរក្នុងសង្គម សូមមហាជនបញ្ចេញមតិ ដោយឈរលើគោលការណ៍ច្បាប់ គោលការណ៍សីលធម៌ សុជីវធម៌ ធានាការការពារសិទ្ធិ និងឧត្តមប្រយោជន៍របស់អនីតិជនក៏ដូចជាការពារផលប្រយោជន៍សង្គមនិងសហគមន៍ ដោយទុកលទ្ធភាពឱ្យតុលាការជាអ្នកកំណត់យុត្តិធម៌តាមវិធាន និងនីតិវិធីដោយហ្មត់ចត់៕

By admin

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *

You missed