(បន្ទាយមានជ័យ)៖ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ លោកឧត្ដមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ ពាក់ព័ន្ធករណីលួចកាច់សោកម៉ូតូ និងទទួលផលចោរកម្ម។
លោកវរសេនីយ៍ឯក ភឿង ម៉ាន់សឹង្ហ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធធ្ងន់ បានឱ្យដឹងថា ក្រៅពីឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង ០៨នាក់ កម្លាំងនគរបាលបានធ្វើការដកហូតវត្ថុតាង ម៉ូតូម៉ាកស្កុបពី ពណ៌ទឹកក្រូច ០១គ្រឿង គ្មានផ្លាកលេខ (ម៉ូតូជនរងគ្រោះ) ម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ អត់ផ្លាកលេខ ០១គ្រឿង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ០៨នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានប្រព្រឹត្តបទល្មើសលួចមានស្ថានទម្ងន់ទោសពិតប្រាកដមែន បន្ទាប់មកម៉ូតូត្រូវបានប្រគល់ជូនជនរងគ្រោះវិញ ចំណែកជនសង្ស័យទាំងអស់ត្រូវបានបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕

