ចេញផ្សាយ ថ្ងៃទី23 ខែកញ្ញា ឆ្នាំ 2026
ដោយ÷ វីស៊ីអេស ធីវីអនឡាញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ៖ «រួមគ្នាឆ្ពោះទៅ កាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា » នាព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ រាជធានីភ្នំពេញ ។

ថ្លែងក្នុងឱកាសនោះ, សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងច្បាស់លាស់អំពីជំហររបស់ រាជរដ្ឋាភិបាលកម្ពុជាថា កម្ពុជានឹងមិនក្លាយជាទីជម្រកសុវត្ថិភាពសម្រាប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឡើយ ។ បន្ថែមពីនេះ, កម្ពុជានឹងមិនអនុញ្ញាតឱ្យបណ្តាញឧក្រិដ្ឋជនមកបំផ្លាញវឌ្ឍនភាពរបស់ប្រទេសយើង និងជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា ជាង ១៧ លាននាក់ ឡើយ ។ ឧស្សាហកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនបានចាប់ផ្តើមនៅក្នុង ប្រទេសកម្ពុជា ហើយក៏មិនមែនកើតឡើងតែនៅក្នុងប្រទេសកម្ពុជានោះដែរ ។ ការពាក់ព័ន្ធដំបូងរបស់ប្រទេសកម្ពុជា ជាមួយបញ្ហានេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងកំណើននៃល្បែងតាមប្រព័ន្ធបច្ចេកវិទ្យា និងធុរកិច្ចនានាពាក់ព័ន្ធនឹង កាស៊ីណូ ។ លើសពីនេះ, បណ្តាញឧក្រិដ្ឋកម្មបានបន្តវិវត្ត និងសម្របខ្លួនឆ្លងកាត់ព្រំដែនយ៉ាងឆាប់រហ័ស ។ បណ្តាញឧក្រិដ្ឋកម្មឆ្លងដែនទាំងនោះបានឆ្លៀតឱកាសពីអចលនទ្រព្យពាណិជ្ជកម្ម, ចន្លោះប្រហោងនៃបទប្បញ្ញត្តិ និងបណ្តាញទូរគមនាគមន៍ឆ្លងដែនដ៏ស្មុគស្មាញ ដើម្បីបង្កើតជាប្រព័ន្ធអេកូឡូស៊ី នៃការឆបោកឆ្លងដែន ។

សម្តេចធិបតី បានគូសបញ្ជាក់បន្ថែមថា កម្ពុជាទទួលខុសត្រូវទាំងស្រុងលើការធានាសុវត្ថិភាពព្រំដែនរបស់យើង, ការអនុវត្តច្បាប់របស់យើង និងការស្តារឡើងវិញនូវបូរណភាពនៃយុត្តាធិការជាតិរបស់យើង។ ការទទួលខុសត្រូវ ត្រូវតែបង្ហាញឱ្យឃើញតាមរយៈវិធានការផ្ទៃក្នុងដ៏ម៉ឺងម៉ាត់និងមិនមានការយោគយល់ឡើយ។ អាស្រ័យហេតុនេះ, នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥, យើងបានដំឡើងរចនាសម្ព័ន្ធបញ្ជាការរបស់យើងទៅជាគណៈកម្មការចំពោះកិច្ចប្រយុទ្ធ ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (CCOS) ក្រោមការដឹកនាំផ្ទាល់របស់នាយករដ្ឋមន្ត្រី។ បន្ថែមពីនេះ, កម្ពុជា បានដាក់ឱ្យអនុវត្តច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាខែមេសា ឆ្នាំ២០២៦ ដើម្បី បិទចន្លោះប្រហោងផ្នែកច្បាប់របស់យើង។ វិធានការដ៏ម៉ឺងម៉ាត់ទាំងនេះបានអនុញ្ញាតឱ្យយើងអនុវត្តយុទ្ធនាការមួយ ដែលមានលក្ខណៈឯកភាព, ដោយមានការចូលរួមពីគ្រប់ស្ថាប័នរាជរដ្ឋាភិបាល និងគ្រប់ផ្នែកនៃសង្គម ក្នុងគោលបំណង កម្ចាត់បណ្តាញឆបោកទាំងនេះឱ្យអស់ទាំងស្រុង។ យើងចាត់ទុកការអនុវត្តច្បាប់នេះជាកាតព្វកិច្ចសន្តិសុខជាតិជា អចិន្ត្រៃយ៍ មិនមែនគ្រាន់តែជាយុទ្ធនាការ នៃការផ្សព្វផ្សាយដើម្បីបង្ហាញរូបភាពនោះទេ។ យើងផ្តោតលើកិច្ចខិតខំ ប្រឹងប្រែងក្នុងការកម្ចាត់បណ្តាញឧក្រិដ្ឋកម្មឱ្យអស់ទាំងស្រុង និង ការទប់ស្កាត់កុំឱ្យបណ្តាញទាំងនោះលេចឡើងវិញ។ ជាលទ្ធផល, យើងបានលុបបំបាត់ទាំងស្រុងនូវរាល់ទីតាំងឆបោកខ្នាតធំ ក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្តេចធិបតី បានមានប្រសាសន៍បន្ថែមថា ការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា ទាមទារឱ្យ មានការចាត់ទុកបញ្ហានេះជាអាទិភាពកំពូលមួយនៃសន្តិសុខជាតិ។ ការបង្កើតស្ថាប័នកណ្តាល ដូចជា «គណៈកម្មការ ចំពោះកិច្ចប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» គឺមានសារៈសំខាន់បំផុត ដើម្បីសម្របសម្រួល ការចែករំលែកព័ត៌មាន (synchronize information sharing) ការចែករំលែកព័ត៌មានចារកម្មហិរញ្ញវត្ថុ និង ការសម្របសម្រួលការអនុវត្តច្បាប់ ក៏ដូចជាការសម្របសម្រួលជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយនឹងគ្រប់សសរស្តម្ភ ទាំងអស់របស់រដ្ឋ, ប្រតិបត្តិការចុះបង្ក្រាប ចាំបាច់ត្រូវមានការគាំទ្រដោយច្បាប់ ដោយផ្តោតលើបណ្តាញឧក្រិដ្ឋជនទាំងមូល, អាជ្ញាធរត្រូវតែសម្របខ្លួនយ៉ាងឆាប់រហ័សទៅនឹងការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់បណ្តាញឧក្រិដ្ឋជន ហើយស្ថាប័ន អនុវត្តច្បាប់ត្រូវតែប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ។

សម្តេចធិបតី បានសង្កត់ធ្ងន់ថា បណ្តាញឧក្រិដ្ឋកម្ម មានសាមគ្គីភាពរឹងមាំ ដោយសារផលប្រយោជន៍ហិរញ្ញវត្ថុ មហាសាល និងទទួលបានការគាំទ្រដោយបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ, សាមគ្គីភាពនៅកម្រិតអន្តរជាតិ ត្រូវតែមានភាពរឹងមាំជាងក្រុមឧក្រិដ្ឋជន ដោយមានការគាំទ្រពីយន្តការអនុវត្តច្បាប់ ដែលទំនើប, ប្រកបដោយប្រសិទ្ធភាព និងមានកិច្ចសហប្រតិបត្តិការពិតប្រាកដ។ បញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយ មិនគួរត្រូវបានប្រទេសណាមួយយកមកប្រើប្រាស់ជាឧបករណ៍សម្រាប់ប្រឆាំងនឹងប្រទេសណាមួយនោះទេ, ក៏មិនគួរយកគោលបំណងនៃការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមកធ្វើជាលេសសម្រាប់វាយប្រហារ ឬ ចូល កាន់កាប់ដែនអធិបតេយ្យរបស់ប្រទេសមួយផ្សេងទៀតនោះដែរ ព្រោះនេះគឺជាការរំលោភបំពានយ៉ាងច្បាស់លើ គោលការណ៍នៃច្បាប់អន្តរជាតិ។ ផ្ទុយទៅវិញ, កិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា គួរតែជាហេតុផលចម្បងសម្រាប់ប្រជាជាតិនានាសហការរួមគ្នា ដោយស្មោះត្រង់ និងគោរពគ្នាទៅវិញ ទៅមក និងដោះស្រាយបញ្ហានេះដើម្បីផលប្រយោជន៍រួម។ ជាក់ស្តែង, មិនមានប្រទេសណាមួយអាចដោះស្រាយ បញ្ហាប្រឈមឆ្លងដែននេះតែម្នាក់ឯង ប្រកបដោយប្រសិទ្ធភាពនោះទេ។

មុននឹងបញ្ចប់, សម្តេចធិបតី មានប្រសាសន៍ថា រដ្ឋាភិបាលទាំងអស់ត្រូវតែធ្វើយុទ្ធនាការផ្សព្វផ្សាយការយល់ដឹង សាធារណៈជាប្រចាំ ដើម្បីអប់រំប្រជាពលរដ្ឋ អំពីល្បិចកលនៃការបោកបញ្ឆោតតាមប្រព័ន្ធឌីជីថលដែលមានទម្រង់ថ្មីៗ ដើម្បីធានាថា ជនដែលងាយរងគ្រោះ នឹងមិនក្លាយជាជនរងគ្រោះនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ។ លើសពីនេះទៅទៀត, ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ និងបច្ចេកវិទ្យាសកល មានកាតព្វកិច្ចយ៉ាងសំខាន់ក្នុងការធានាថា ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបណ្តាញធនាគារ មិនក្លាយជាជម្រកសុវត្ថិភាពសម្រាប់បណ្តាញឧក្រិដ្ឋជនឡើយ ។ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ, វេទិកាបច្ចេកវិទ្យា, បណ្តាញទំនាក់ទំនងកូដនីយកម្ម និងវេទិកាជួញដូររូបិយប័ណ្ណគ្រីបតូ ត្រូវអនុវត្តនីតិវិធីផ្ទៀងផ្ទាត់ដ៏តឹងរ៉ឹងបំផុត ដើម្បីទប់ស្កាត់កុំឱ្យផលដែលទទួលបានពីសកម្មភាពខុសច្បាប់ត្រូវបាន លាងសម្អាត និងបញ្ចូលទៅក្នុងទីផ្សារសកល ដែលស្របច្បាប់ ។ ក្នុងន័យនេះ, កម្ពុជាប្តេជ្ញាចិត្តយ៉ាងពេញលេញ ក្នុងការចាត់វិធានការឥតឈប់ឈរ និងកសាងកិច្ចសហប្រតិបត្តិការដែលផ្អែកលើការគោរពគ្នាទៅវិញទៅមក, សមភាពអធិបតេយ្យ និងគណនេយ្យភាពរួម។

ជាទីបញ្ចប់, សម្តេចធិបតី បានស្នើប្រាំចំណុចសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិដ៏រឹងមាំ៖ ទី១/ ការចែករំលែក ព័ត៌មានចារកម្មភ្លាមៗ (real-time intelligence sharing) ដោយប្រទេសជាដៃគូត្រូវពង្រឹងបន្ថែមលើបណ្តាញ ទំនាក់ទំនងសម្រាប់ការឆ្លើយតបយ៉ាងឆាប់រហ័សរវាងស្ថាប័នអនុវត្តច្បាប់ថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីអាចចែករំលែក ព័ត៌មានចារកម្មភ្លាមៗ ដែលជួយក្នុងការតាមដានបណ្តាញឧក្រិដ្ឋជន និងបង្អាក់សកម្មភាពរបស់ក្រុមឧក្រិដ្ឋជន ដែលមានរចនាសម្ព័ន្ធវិមជ្ឈការនៅតាមបណ្តាប្រទេសនានា។ ទី២/ ការស៊ើបអង្កេតផ្នែកហិរញ្ញវត្ថុកម្រិតខ្ពស់ ដោយស្ថាប័ន ស៊ើបការណ៍ហិរញ្ញវត្ថុ និងស្ថាប័នប្រឆាំងការសម្អាតប្រាក់ គួរតែសហការគ្នា និងប្រើប្រាស់វេទិកាគាំទ្រនានា ដើម្បី តាមដានលំហូរហិរញ្ញវត្ថុខុសច្បាប់ឱ្យបានឆាប់រហ័ស កំណត់អត្តសញ្ញាណម្ចាស់កម្មសិទ្ធិពិតប្រាកដ (ultimate beneficial owners) បង្កកប្រតិបត្តិការលើទ្រព្យសកម្មនិម្មិត និងបំបែកបណ្តាញធនាគារក្រៅប្រព័ន្ធ ។ ទី៣/ ការបង្កើន ភាពស៊ីសង្វាក់គ្នានៃក្របខ័ណ្ឌច្បាប់ និងប្រតិបត្តិការ ដោយដៃគូអន្តរជាតិគួរតែធ្វើឱ្យមានភាពស៊ីសង្វាក់គ្នានូវក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ទៅវិញទៅមក សម្រួលនីតិវិធីនៃការធ្វើបត្យាប័ន និងជំរុញការចែករំលែកភស្តុតាង កោសល្យវិច័យឌីជីថល ដើម្បីទប់ស្កាត់កុំឱ្យបណ្តាញឧក្រិដ្ឋជននានាឆ្លៀតប្រើប្រាស់ចន្លោះប្រហោងនៃដែនសមត្ថកិច្ច ផ្លូវច្បាប់។ ទី៤/ ភាពជាដៃគូរវាងរដ្ឋ និង ឯកជន ដោយរដ្ឋាភិបាលគួរកសាងភាពជាដៃគូប្រតិបត្តិការជាមួយ ធនាគារពាណិជ្ជ, ប្រតិបត្តិករទូរគមនាគមន៍, វេទិកាបច្ចេកវិទ្យា និងទីផ្សារជួញដូររូបិយប័ណ្ណគ្រីបតូ ដើម្បីរកឱ្យឃើញ ជាមុន នូវសកម្មភាពឆបោក, ទប់ស្កាត់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលគួរឱ្យសង្ស័យ និងការបង្កកគណនីដែល ពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់។ និងទី៥/ ការការពារជនរងគ្រោះ ដោយ រដ្ឋាភិបាល និងអង្គការអន្តរជាតិនានា គួរតែពង្រឹងដំណើរការកំណត់អត្តសញ្ញាណជនរងគ្រោះ និងសម្របសម្រួលនីតិវិធីការទូត ដើម្បីធានានូវការការពារ និងការបញ្ជូនជនរងគ្រោះត្រឡប់ទៅប្រទេសកំណើតវិញដោយសុវត្ថិភាព។

By Dy Chanthoeun

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *

You missed