ចេញផ្សាយ ថ្ងៃទី24 ខែកក្កដា ឆ្នាំ 2026
ដោយ÷ វីស៊ីអេស ធីវីអនឡាញ
សូមអបអរសាទរក្រុមកីឡាបាល់ទះបុរសជម្រើសជាតិកម្ពុជា បានយកឈ្នះលើក្រុមជម្រើសជាតិហ្វីលីពីន ដោយលទ្ធផល ៣សិតទល់០ ក្នុងប្រកួតបិទពូល B នៃពានរង្វាន់ SEA V-CUP ជើងទី២ រដូវកាលទី៦ ឆ្នាំ២០២៦ នៅថ្ងៃព្រហស្បត្តិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។
ជ័យជម្នះនេះបានធ្វើឱ្យក្រុមកម្ពុជារបស់យើង មានភាគរយខ្ពស់ ដើម្បីបន្តដំណើរទៅប្រកួតនៅវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ ដោយត្រូវរង់ចាំអ៊ុតលទ្ធផលប្រកួតចុងក្រោយរវាងម្ចាស់ផ្ទះឥណ្ឌូណេស៊ី ទល់ហ្វីលីពីន នៅថ្ងៃស្អែកនេះសិន។
ក្នុងនាមជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណដល់ប្រតិភូ ក្រុមការងារគ្រូបង្វឹក និងប្អូនៗកីឡាករ ដែលបានខិតខំប្រឹងប្រែងប្រកួតពីមួយលើកទៅមួយលើក ដោយស្វាហាប់និងឆន្ទៈមោះមុត។
ជាមួយគ្នានេះដែរ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ពុកម៉ែ បងប្អូនទាំងអស់ ដែលបានលើកទឹកចិត្តដល់កីឡាករយើង នៅទីលានផ្ទាល់ និងទស្សនាតាមប្រព័ន្ធផ្សព្វផ្សាយនានា ទាំងក្នុងនិងក្រៅប្រទេស។
ខ្ញុំសូមស្នើដល់ពុកម៉ែ បងប្អូនទាំងអស់ សូមបន្តការគាំទ្រក្រុមកីឡាបាល់ទះបុរសជម្រើសជាតិកម្ពុជា ដើម្បីជាការលើកទឹកចិត្ត ឆ្ពោះទៅដណ្តើមជ័យជម្នះជូនជាតិមាតុភូមិនៃយើង។
ជាចុងក្រោយ សូមជូនពរដល់ក្រុមកីឡាករ ប្រតិភូ និងគ្រូបង្វឹក ទទួលបានឱកាសឡើងទៅប្រកួតវគ្គបន្ត ប្រកបដោយស្មារតីប្រកួតយ៉ាងស្វាហាប់ និងសម្រេចបានជោគជ័យបន្ថែមទៀត៕

