ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺ សរុបចំនួន ៩៩៦នាក់ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា។
ពិធីជួបសំណេះសំណាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ពង្រឹងគណនេយ្យភាព និងតម្លាភាព រវាងព្រឹទ្ធសភា និងអង្គបោះឆ្នោត ព្រមទាំងជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព។ ជាមួយគ្នានេះ ក៏មានគោលដៅដើម្បី ផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ ជាមួយអាជ្ញាធរមូលដ្ឋាន និងក្រើនរំលឹកដល់មន្ត្រីរាជការ ឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងពេលកន្លងមក ជាពិសេសការរួមគ្នា រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម និងការទប់ស្កាត់ទង្វើបង្កចលាចលនានា។
បន្ថែមលើនេះ សម្តេចតេជោ បានណែនាំដល់មន្ត្រីរាជការទាំងអស់ ជាពិសេស ក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ។ សម្តេចក៏បានលើកឡើងឱ្យអាជ្ញាធរមូលដ្ឋាន បន្តផ្តល់សេវាចាំបាច់ជូនប្រជាពលរដ្ឋឱ្យបាន លឿន រហ័ស និងមានប្រសិទ្ធភាព ដើម្បីជៀសវាងការបង្កបញ្ហាដែលអាចនាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តប្រជាពលរដ្ឋ។
ជាមួយគ្នានោះ សម្តេចតេជោ ក៏បានក្រើនរំលឹកឱ្យបន្តយកចិត្តទុកដាក់ រក្សាសន្តិសុខសង្គម និងអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដោយត្រូវបន្តបង្ក្រាបបទល្មើសផ្សេងៗ រួមមាន ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន ជាពិសេសការបង្ក្រាបឱ្យបានតឹងរឹងចំពោះ អំពើឆបោកតាមអនឡាញ (Online Scam)។
សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តកំពង់ស្ពឺ ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់ និងបន្តរួមគ្នាធ្វើការដើម្បីអភិវឌ្ឍខេត្តកំពង់ស្ពឺឱ្យកាន់តែរីកចម្រើនថែមទៀត៕




