(បាត់ដំបង)៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានទទួលបណ្តឹងពីឈ្មោះ ប្រោញ គន្ធា ភេទស្រី អាយុ ២៨ឆ្នាំ មានទីលំនៅភូមិដូនត្រឹក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ត្រូវជាកូនជនរងគ្រោះ ថាមានករណីឃាតកម្មមួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ (យកខ្សែក្រវាត់រឹតក) កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងមិនប្រាកដ នៅត្រង់ចំណុចក្រុមទី៣៦ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង លើឪពុករបស់ខ្លួនឈ្មោះ ប្រោញ គ្រិន ភេទប្រុស អាយុ ៦៥ឆ្នាំ មានទីលំនៅភូមិដូនត្រឹក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង បណ្ដាលឱ្យស្លាប់។
ក្រោយពីបានទទួលបណ្តឹងកូនជនរងគ្រោះ ដោយអនុវត្តនូវបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម មាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង សហការណ៍ជាមួយក្រុមអន្តរាគមន៍បង្ការបង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានចុះធ្វើស្រាវជ្រាវ រហូតដល់វេលាម៉ោង ១៤៖០៥នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចបានកំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់៖ ១.ឈ្មោះ សុវណ្ណ បញ្ញា ភេទស្រី អាយុ ២៩ឆ្នាំ មានទីលំនៅមិនពិតប្រាកដ (ជនដៃដល់), ២.ឈ្មោះ ហ៊ាង បូរិទ្ធ ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិអូរស្រឡៅ ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង (ជនដៃដល់) និង៣.ឈ្មោះ កុល ណុន ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិអូរស្រឡៅ ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរ។
ក្រោយពីបានសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានរៀបគម្រោងសម្លាប់ជនរងគ្រោះយកទ្រព្យសម្បត្តិ បន្ទាប់មកនៅថ្ងៃកើតហេតុខ្លួនបានធ្វើសកម្មភាពប្រើខ្សែក្រវាត់ រឹតកជនរងគ្រោះ នៅត្រង់ចំណុចកើតហេតុខាងលើពិតប្រាកដមែន។
សម្ភារៈវត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន៖ ម៉ូតូចំនួន ០២គ្រឿង និងទូរសព្ទ័ដៃចំនួន ០៥គ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕




