ចេញផ្សាយ ថ្ងៃទី12 ខែសីហា ឆ្នាំ 2026
ដោយ÷ វីស៊ីអេស ធីវីអនឡាញ

នៅថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១០:២០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចសាលាបឋមសិក្សាតេជោមរកត ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

គួររំលេចផងដែរថា សាលាបឋមសិក្សាតេជោមរកត គឺជាទីកន្លែងផ្តល់ការអប់រំដល់កុមារ ប៉ុន្តែកាលពីខែធ្នូ ឆ្នាំ២០២៥ បានទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃ តាមរយៈការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 និងការបាញ់គ្រាប់ផ្លោងប្រភេទ ១៥៥mm មកលើទីតាំងស៊ីវិល ដែលបានបំផ្លិចបំផ្លាញខូចខាតយ៉ាងធ្ងន់ធ្ងរស្ទើរតែទាំងស្រុងនូវអគារ សម្ភារៈ និងហេដ្ឋារចនាសម្ព័ន្ធសាលារៀន ដែលធ្វើឱ្យកុមារតូចៗទាំងអស់នៅទីនោះ នៅតែមិនអាចចូលរៀនវិញបានរហូតមកដល់សព្វថ្ងៃនេះ។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕

ថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦

By Dy Chanthoeun

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *

You missed