កណ្តាល៖ អាជ្ញាធរខេត្តកណ្តាល ដឹកនាំដោយលោក ហាក់ សុខមករា អភិបាលរងខេត្ត នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យជាក់ស្តែង និងបញ្ជាឱ្យផ្អាកការសាងសង់សំណង់ផ្ទះថ្មចំនួន ០២ទីតាំង ស្ថិតនៅភូមិបារ៉ែនលើ ឃុំស្វាយប្រទាល និងភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ក្រោយរកឃើញថា សំណង់ទាំងនោះកំពុងសាងសង់រំលោភលើដីសាធារណៈរបស់រដ្ឋ (ដីចំណីទន្លេ)។
ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងការពារ និងថែរក្សាដីសាធារណៈរបស់រដ្ឋ សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ព្រមទាំងទប់ស្កាត់ការរំលោភកាន់កាប់ដីរដ្ឋដោយខុសច្បាប់។
ក្នុងឱកាសនោះ លោក ហាក់ សុខមករា បានណែនាំដល់ម្ចាស់សំណង់ ក្រុមជាង និងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យបញ្ឈប់ការសាងសង់ជាបន្ទាន់។
លោក បានព្រមានថា ក្នុងករណីនៅតែបន្តសាងសង់ដោយមិនគោរពតាមការណែនាំរបស់អាជ្ញាធរ នឹងត្រូវប្រឈមមុខនឹងវិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹង រួមទាំងការដកហូតសម្ភារសំណង់ និងអនុវត្តនីតិវិធីផ្សេងៗតាមច្បាប់ជាធរមាន។
ជាមួយគ្នានេះ អាជ្ញាធរក៏បានហាមឃាត់ការស្នាក់នៅ ឬប្រើប្រាស់សំណង់ទាំងនោះជាបណ្ដោះអាសន្ន ក្នុងអំឡុងពេលផ្អាកការដ្ឋាន ដើម្បីបង្ការហានិភ័យ និងគ្រោះថ្នាក់ដែលអាចកើតមាន ដោយសារសំណង់មិនទាន់ទទួលបានការអនុញ្ញាត និងការវាយតម្លៃបច្ចេកទេសពីមន្ត្រីជំនាញ។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថា តាមការពិនិត្យរបស់មន្ទីរជំនាញ សំណង់ទាំងពីរនេះមិនបានស្នើសុំលិខិតអនុញ្ញាតសាងសង់ពីស្ថាប័នពាក់ព័ន្ធនោះទេ។ ដូច្នេះ សំណង់ទាំងនេះត្រូវបានចាត់ទុកជាសំណង់ខុសច្បាប់ និងមិនអាចបន្តសាងសង់បានឡើយ រហូតដល់មានការពិនិត្យ និងសម្រេចពីក្រសួង និងស្ថាប័នជំនាញពាក់ព័ន្ធជាមុនសិន។
ជាចុងក្រោយ លោក ហាក់ សុខមករា បានអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកម៉ៅការ និងអ្នកវិនិយោគទាំងអស់ ត្រូវគោរពតាមច្បាប់ និងនីតិវិធីជាធរមាន មុនអនុវត្តគម្រោងសាងសង់នានា ជាពិសេសនៅតំបន់ជាប់មាត់ទន្លេ និងដីសាធារណៈរបស់រដ្ឋ ដើម្បីជៀសវាងការប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ និងការប្រឈមនឹងវិធានការផ្លូវច្បាប់៕

