ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ
ខេត្តកណ្ដាលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦
នារសៀលនៅសួនច្បារច្រមុះជ្រូក ក្រុងតាខ្មៅ ប្រសាសន៍របស់ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញជាអធិបតីក្នុងទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ លើកទី០៧ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញដល់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ត្រូវពង្រីកការបណ្ដុះបណ្ដាល ជំនាញបង្ការ ទប់ស្កាត់ ពន្លត់អគ្គីភ័យ និងសង្គ្រោះ ទៅកាន់អាជ្ញាធរមូលដ្ឋាន ប្រជាការពារ ប្រជាពលរដ្ឋ និងរោងចក្រសហគ្រាស ដើម្បីឱ្យពួកគាត់បានយល់ដឹង ហើយនៅពេលដែលមូលដ្ឋានរបស់គាត់កើតមានឡើងនូវអគ្គីភ័យ ពួកគាត់អាចធ្វើអន្តរាគមន៍ជួយពន្លត់បានទាន់ពេលវេលា កាត់បន្ថយការរីករាលដាលនៃអគ្គីភ័យកាន់តែធំបន្ថែមទៀត។
ឯកឧត្តម អភិបាលខេត្ត បន្តថា «ជោគជ័យដែលយើងសម្រេចបាននាពេលកន្លងមកនេះ ពិតជាមិនអាចកាត់ផ្ដាច់បានពីកិច្ចសហការជាមួយកងអង្គភាពដទៃផ្សេងៗទៀត បញ្ជាការដ្ឋានអង្គរក្ស អាកាសយានដ្ឋាន កងរាជអាវុធហត្ថ និងប្រជាការពារនៅក្នុងមូលដ្ឋាន ដូច្នេះសូមនគរបាលរបស់យើងបន្តកិច្ចសហការនេះឱ្យកាន់តែល្អ ជិតស្និទ្ធ និងក្លាយទៅជាប្រព័ន្ធទំនាក់ទំនងគ្នាមួយដ៏ច្បាស់លាស់ ដើម្បីនៅពេលដែលមានគ្រោះអគ្គីភ័យកើតមានឡើងនៅក្នុងមូលដ្ឋានណាមួយ យើងសហការគ្នាក្នុងការអន្តរាគមន៍ ទប់ស្កាត់ និងពន្លត់អគ្គីភ័យបានទាន់ពេលវេលា»។
ឯកឧត្តម អភិបាលខេត្ត បានស្នើដល់អភិបាលក្រុង-ស្រុកទាំងអស់ នៅក្នុងឆ្នាំ២០២៦នេះ ត្រូវខិតខំយកចិត្តទុកដាក់សម្របសម្រួលជាមួយរដ្ឋាករទឹក និងសេវាករទឹកស្អាតទាំងអស់ ត្រូវជំរុញធ្វើយ៉ាងណាឱ្យក្នុងមួយឃុំ-សង្កាត់ មានក្បាលប៊ូសបូមទឹក ១យ៉ាងតិចនៅក្នុងឃុំ-សង្កាត់ទាំងអស់ទូទាំងខេត្តកណ្ដាល។
ឯកឧត្តម អភិបាលខេត្ត បន្ថែមថា នៅពេលមានបញ្ហាអគ្គីភ័យណាមួយកើតឡើងនៅក្នុងមូលដ្ឋាន បើទោះបីជាមានរថយន្តពន្លត់អគ្គីភ័យក៏ដោយ ប៉ុន្តែនៅពេលដែលរថយន្តបាញ់ទឹកអស់ ហើយក្បាលប៊ូសបូមទឹកនៅឆ្ងាយ នោះការជួយពន្លត់អគ្គីភ័យកាន់តែពិបាក និងមានភាពយឺតយ៉ាវក្នុងការជួយពន្លត់អគ្គីភ័យ ដែលបង្កឱ្យមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរផងដែរ។
ឯកឧត្តម បន្ថែមទៀតថា ការដាក់ក្បាលប៊ូសបូមទឹក ត្រូវដាក់តាមស្តង់ដា ដើម្បីមានភាពងាយស្រួលនៅពេលរថយន្តពន្លត់អគ្គីភ័យ មានតម្រូវការប្រើប្រាស់បានលឿន និងទាន់ពេលវេលា៕

