ចេញផ្សាយ ថ្ងៃទី3 ខែវិច្ឆិកា ឆ្នាំ 2026
ដោយ÷ វីស៊ីអេស ធីវីអនឡាញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ៥ ខ្នង សរុប ៥៥ បន្ទប់រៀន នៅខេត្តកំពង់ធំ ក្រោមគម្រោង «ទាំងអស់គ្នាដើម្បីការអប់រំ» របស់សមាគមឧកញ៉ាកម្ពុជា នាព្រឹកថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នំា២០២៦ នៅខេត្តកំពង់ធំ ។

មានប្រសាសន៍ក្នុងពិធីនោះ, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលតែងតែចាត់ទុក «ការវិនិយោគលើវិស័យអប់រំ ជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិ» ដោយសារការអប់រំ ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្ស, ជាឆ្អឹងខ្នងនៃផលិតភាពសេដ្ឋកិច្ចជាតិ និងជាសសរទ្រូងនៃសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលបានកំណត់យកការអភិវឌ្ឍវិស័យអប់រំជាអាទិភាពចម្បង ក្នុងយុទ្ធសាស្រ្តអភិវឌ្ឍជាតិរយៈពេលវែង តាមរយៈការពង្រីកលទ្ធភាពទទួលបានការអប់រំ, ការកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀន, ការពង្រឹងសមត្ថភាពគ្រូបង្រៀន, ការលើកកម្ពស់គុណភាពនៃការបង្រៀន និង ការរៀន និងការជំរុញការសិក្សាពេញមួយជីវិត ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា កន្លងមក, រាជរដ្ឋាភិបាលបានសិក្សា និង​ ដាក់ចេញគោលនយោបាយ, យុទ្ធសាស្ត្រ, កម្មវិធីផែនការសកម្មភាព, វិធានការចាំបាច់នានា និង ក្របខណ្ឌគណនេយ្យភាពសមិទ្ធកម្ម ដើម្បីពង្រឹងគុណភាព និង ប្រសិទ្ធភាព នៃការអប់រំនៅតាមសាលារៀនរដ្ឋ, ចាប់ពីថ្នាក់មត្តេយ្យ រហូតដល់មធ្យមសិក្សា តាមរយៈ ការពង្រឹងអភិបាលកិច្ចសាលារៀន, កែលម្អកម្មវិធីសិក្សា និង វិធីសាស្រ្តបង្រៀន, រៀបចំកម្មវិធីសិក្សា និង សកម្មភាពក្រៅម៉ោងសិក្សា, ការលើកកម្ពស់សុខភាពសិស្សានុសិស្ស តាមរយៈ ការផ្តល់អាហារូបត្ថម្ភដល់កុមារ និង ការត្រួតពិនិត្យគុណភាពចំណីអាហារ នៅតាមសាលារៀន, ការជំរុញការចូលរួមរបស់មាតាបិតា, អាណាព្យាបាល និង សហគមន៍ ក្នុងសកម្មភាពអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរវាងរដ្ឋ និង សហគមន៍ ដើម្បីការអប់រំ» ។

ក្នុងឱកាសនោះដែរ, សម្ដេចធិបតី បានមានប្រសាសន៍ថា ទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា គឺការកសាងសាលារៀន ឱ្យក្លាយជាអង្គភាពផ្តល់សេវាសាធារណៈ នៅជិតប្រជាពលរដ្ឋ និង បំពេញភារកិច្ចផ្តល់វិជ្ជាសម្បទា បំណិនសម្បទា និង ចរិយាសម្បទា ដល់កូនខ្មែរគ្រប់រូប ប្រកបដោយ តម្លាភាព, គណនេយ្យភាព និង ការទទួលខុសត្រូវខ្ពស់ ។ ការណ៍នេះទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ, ជាពិសេស ការចូលរួមរបស់វិស័យឯកជន និង សប្បុរសជន ដែលជាកម្លាំងគាំទ្របន្ថែមដ៏សំខាន់ ចំពោះការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ស្របតាមទិសស្លោក «ទាំងអស់គ្នាដើម្បីការអប់រំ» ដែលមានន័យថា ការអប់រំដែលមានគុណភាព និង ប្រសិទ្ធភាព ត្រូវតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ គឺ សិស្ស, គ្រូបង្រៀន, សាលារៀន, មាតាបិតា, អាណាព្យាបាល, អាជ្ញាធរមូលដ្ឋាន, សហគមន៍, ដៃគូអភិវឌ្ឍ, សមាគម, វិស័យឯកជន និង សប្បុរសជន ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា បច្ចុប្បន្ន រាជរដ្ឋាភិបាល បានអនុវត្តកម្មវិធីផ្ដល់អាហារូបត្ថម្ភសម្រាប់សិស្សចាប់តាំងពីឆ្នាំ១៩៩៩ ដោយមានការជួយគាំទ្រពីកម្មវិធីស្បៀងអាហារពិភពលោក (World Food Program) របស់អង្គការសហប្រជាជាតិ ដោយក្នុងនោះរាជរដ្ឋាភិបាលទទួលខុសត្រូវមួយផ្នែក ។ បច្ចុប្បន្ន, រាជរដ្ឋាភិបាល បានម្ចាស់ការស្ទើរតែទាំងស្រុងលើកម្មវិធី និងឈានទៅម្ចាស់ការទាំងស្រុងនាពេលអនាគត ។ កម្មវិធីនេះ បានជួយលើកកម្ពស់សុខភាព, សុខុមាលភាពសិស្ស និង បានជួយសម្រាលជីវភាពសិស្ស ជាពិសេសសិស្សក្រីក្រ ព្រមទាំងបានជួយលើកកម្ពស់ដល់ជីវភាពរបស់សហគមន៍មូលដ្ឋាន ព្រោះថា ស្បៀងអាហារទាំងនោះត្រូវបានផ្គត់ផ្គង់ដោយសហគមន៍មូលដ្ឋាន ដោយផ្ទាល់។

ជាទីបញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ពាក់ព័ន្ធនឹងការពង្រឹងគុណភាពវិស័យអប់រំនៅកម្ពុជា ដោយក្នុងនោះ រាជរដ្ឋាភិបាលនៅតែផ្ដោតអាទិភាពលើការពង្រីក និងពង្រឹងសាលារៀនជាបន្តទៀត ជាពិសេសសាលារៀននៅកម្រិតមូលដ្ឋាន មានទាំងបឋមសិក្សា, អនុវិទ្យាល័យ និងវិទ្យាល័យ ដោយរាជរដ្ឋាភិបាល នឹងពង្រីកចំនួនសាលារៀន និងថ្នាក់រៀន, ជ្រើសរើសបំពេញគ្រូបន្ថែម, បន្ថែមម៉ោងសិក្សា, ពង្រឹងវិន័យ និងបង្កើតទំលាប់ក្នុងការសិក្សា និងជំរុញការអានសៀវភៅ ជាដើម ។ ពាក់ព័ន្ធនឹងការបន្ថែម៉ោងសិក្សា, សម្ដេចធិបតីបានបញ្ជាកបន្ថែម​ ពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការបន្ថែមម៉ោងសិក្សា៦ម៉ោង ក្នុងមួយថ្ងៃ នៅក្នុងក្របខណ្ឌទូទាំងប្រទេស នៅថ្ងៃអនាគត។ បន្ថែមពីនេះ, សម្ដេចធិបតីបានណែនាំឱ្យយកចិត្តទុកដាក់លើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដោយត្រូវប្រើប្រាស់ឱ្យចំទិសដៅ និងកម្រិតសមស្រប, មិនត្រូវប្រើប្រាស់បច្ចេកវិទ្យាជាឧបករណ៍ជំនួសឱ្យតួនាទីគ្រូបង្រៀន និងត្រូវចាត់ទុកបច្ចេកវិទ្យាជាឧបករណ៍ជំនួយ, ជាពិសេសការហាមឃាត់សិស្សានុសិស្សមិនឱ្យប្រើប្រាស់ទូរសព្ទដៃ ឬ ឧបករណ៍អេឡិចត្រូនិក ក្នុងថ្នាក់រៀន, បង្កើនការផ្ដោតអារម្មណ៍របស់សិស្សនៅក្នុងថ្នាក់រៀន៕

By Dy Chanthoeun

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *

You missed