ចេញផ្សាយ÷ថ្ងៃសៅរ៍ទី 7 ខែកុម្ភៈ ឆ្នាំ 2026
ដោយ÷ វីស៊ីអេស ធីវីអនឡាញ
កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជានិច្ចកាលតែងតែបន្តដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌ដោយបានចុះសួរសុខផ្ទាល់ និងនាំយកសម្ភារៈគ្រឿងឧបភោគបរិភោគ ព្រមទាំងបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន និងមានការចូលឧបត្ថម្ភពីបងប្អូនសប្បុរសជននានា ដែលមានចិត្តសប្បុរសធម៌ចូលរួមឧបត្ថម្ភគាំទ្រតាមរយៈ បញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ ជាបន្តបន្ទាប់នាពេលកន្លងមកផងដែរ។
ជាក់ស្តែងនាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមស្មារតីមនុស្សធម៌ និងវប្បធម៌ចែករំលែកក្នុងនាមខ្មែរស្រលាញ់ខ្មែរ ជួយគ្នាក្នុងគ្រាលំបាក បន្ទាប់ពីទទួលនូវព័ត៌មានពីក្រុមការងារ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ពាក់ព័ន្ធអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ធមួយគ្រួសារ ស្ថិតនៅភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានឈ្មោះ សំ សុផា ភេទប្រុស អាយុ៦៩ឆ្នាំ និងប្រពន្ធ ឈ្មោះ នូ គីមណៃ ភេទស្រី អាយុ៦០ឆ្នាំ មានកូន ៧នាក់ ប្រុស ០៣នាក់ និងស្រី០៤នាក់ ដែលត្រូវបានរងគ្រោះដោយសារអគ្គីភ័យលេបត្របាក់ឆាបឆេះផ្ទះអស់ស្ទើរទាំងស្រុង កាលពីប៉ុន្នានថ្ងៃមុនកន្លងមកនេះ។
ដោយក្តីអាណិតអាសូរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន រួមនិងក្រុមការងារទាំងអស់បានសម្តែងការចូលរួមសោកស្តាយបំផុតចំពោះគ្រោះចង្រៃនេះផង ជាពិសេសក៏បាននាំយកនូវថវិកាចំនួន ៤០០,០០០រៀល(សែសិបមុឺនរៀល) រួមនិឹងសម្ភារៈប្រើប្រាស់គ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន៖ អង្ក២បាវ,មី ២កេស, ទឹកបរិសុទ្ធ ២កេស, ទឹកផ្លែឈើ ២កេស, ទឹកស៉ីអ៉ីវ ២យួរ, ទឹកត្រី ២យួរ, ត្រីខ ២យួរ, ភួយ ចំនួន៤ រួមនឹងខ្នើយចំនួន៤ថែមទៀតផង។
សកម្មភាពមនុស្សធម៌នេះ បានបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់ ក្នុងស្មារតីជាតិនិយមខ្ពស់បំផុត របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ព្រមទាំងក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងសប្បុរសជនទាំងអស់ដែលតែងតែឧបត្ថម្ភនូវសម្ភារៈគ្រឿងឧបភោគបរិភោផ្សេងៗ របស់របរប្រើប្រាស់ រួមនិងបរិច្ចាគធនធានផ្ទាល់ខ្លួនក្នុងការចូលរួមចំណែកជាមួយ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងការឧបត្ថម្ភជូនទៅដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតជួបការលំបាក និងមានបញ្ហាផ្សេងៗក្នុងជីវភាពរស់ប្រចាំថ្ងៃផងដែរ៕

