ចេញផ្សាយ ថ្ងៃទី10 ខែកញ្ញា ឆ្នាំ 2026
ដោយ÷ វីស៊ីអេស ធីវីអនឡាញ
នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងមុខងារសាធារណៈ និងក្រសួងមហាផ្ទៃ បានរួមសហការរៀបចំផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដល់មន្រ្តីរាជការក្រោមឱវាទក្រសួងមុខងារសាធារណៈ ក្រោមអធិបតីភាព ឯកឧត្តម រឿង រដ្ឋា អនុរដ្ឋលេខាធិការ តំណាងក្រសួងមុខងារសាធារណៈ រួមជាមួយ ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការ តំណាងក្រសួងមហាផ្ទៃ។ ពិធីនេះ ប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទក្រសួងមុខងារសាធារណៈ ដែលមានសមាសភាពចូលរួមសរុបប្រមាណ ១៣០រូប។
គោលបំណងនៃការផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» គឺសំដៅលើកកម្ពស់សន្តិសុខ សណ្តាប់ធ្នាប់សង្គម អនាម័យ បរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ កាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ និងជំងឺរាតត្បាតនៅក្នុងសហគមន៍ ព្រមទាំងលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ។ កត្តាទាំងអស់នេះហើយដែលមានផលជះជាវិជ្ជមានដល់ដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ច និងវិស័យផ្សេងៗទៀតឱ្យមានភាពរីកចម្រើន និងធានាបានការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។
សូមជម្រាបថា គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ត្រូវបានដាក់ឱ្យផ្សព្វផ្សាយយ៉ាងទូលំទូលាយទាំងក្នុងវិស័យសាធារណៈ ទាំងក្នុងវិស័យឯកជន អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋដើម្បីឱ្យយល់ជ្រួតជ្រាប និងចូលរួមគាំទ្រអនុវត្តប្រកបដោយភាពជោគជ័យបំផុត។

