ចេញផ្សាយ ថ្ងៃទី16 ខែសីហា ឆ្នាំ 2026
ដោយ÷ វីស៊ីអេស ធីវីអនឡាញ

(កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ នៅមុខមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ «យុទ្ធនាការផលិតផលជាតិ MadeInCambodia» នៅខេត្តកំពង់ចាម ដែលពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ឡោ ចាន់លី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ សិប្បករ ផលិតករក្នុងស្រុក តំណាងផ្សារទំនើប ម៉ាត និងមីនីម៉ាត ព្រមទាំងតំណាងវិស័យឯកជន ជាច្រើនរូប ផងដែរ។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តកំពង់ចាម ដែលបានសហការរៀបចំកម្មវិធី និងផ្តល់ទីតាំងសម្រាប់ការរៀបចំពិធី ព្រមទាំងកោតសរសើរចំពោះកិច្ចសហការរវាងវិស័យឯកជន ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម សិប្បករ ផលិតករក្នុងស្រុក ព្រមទាំងបណ្តាញផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាត ដែលបានរួមគ្នាជំរុញការផលិត ការចែកចាយ និងការប្រើប្រាស់ផលិតផលជាតិឱ្យកាន់តែទូលំទូលាយ។

លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប មានតួនាទីសំខាន់ក្នុងការគាំទ្រផលិតផលជាតិ តាមរយៈការប្រើប្រាស់ ការផ្សព្វផ្សាយ និងការជួយនាំផលិតផលខ្មែរទៅកាន់ទីផ្សារឱ្យកាន់តែទូលំទូលាយ។ ការរៀបចំ «យុទ្ធនាការផលិតផលជាតិ MadeInCambodia» មិនត្រឹមតែជាការលើកកម្ពស់ផលិតផលក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីស្មារតីស្រឡាញ់ជាតិ ស្រឡាញ់កសិករ និងផលិតករខ្មែរ ព្រមទាំងរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិផងដែរ។

លោកជំទាវរដ្ឋលេខាធិការ បានបន្តថា ក្រសួងពាណិជ្ជកម្មបានផ្តួចផ្តើមយុទ្ធនាការនេះឡើង ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយផលិតផលក្នុងស្រុក បង្កើនការយល់ដឹងរបស់អ្នកប្រើប្រាស់អំពីគុណភាព តម្លៃ និងស្តង់ដារផលិតផលជាតិ ព្រមទាំងភ្ជាប់ឱកាសទីផ្សាររវាងផលិតករ និងបណ្តាញលក់ទំនិញទំនើប។

យុទ្ធនាការ MadeInCambodia នឹងអនុវត្តរយៈពេលមួយឆ្នាំពេញ ដោយមានការរៀបចំតាំងលក់ផលិតផលជាតិនៅតាមផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាតនានាទូទាំងរាជធានី-ខេត្ត។ បច្ចុប្បន្ន មានបណ្តាញផ្សារទំនើប និងហាងលក់ទំនិញជាច្រើនបានចូលរួមយុទ្ធនាការនេះ ដើម្បីរួមចំណែកលើកកម្ពស់ការប្រើប្រាស់ផលិតផលជាតិ និងជំរុញការរីកចម្រើនរបស់សហគ្រាសខ្មែរ៕

By Dy Chanthoeun

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *

You missed