(កណ្តាល)៖ អាជ្ញាធរខេត្តកណ្តាល ដឹកនាំដោយលោក ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចម្រុះ ចុះត្រួតពិនិត្យឃ្លាំងស្តុក និងចែកចាយប្រហិត ព្រមទាំងផលិតផលម្ហូបអាហារផ្សេងៗមួយកន្លែង ស្ថិតក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ។

ប្រតិបត្តិការនេះ មានការចូលរួមពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) អាជ្ញាធរក្រុងតាខ្មៅ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ។

ជាលទ្ធផល ក្រុមការងារបានរកឃើញផលិតផលនាំចូលពីប្រទេសថៃចំនួន ១៨មុខ មានទម្ងន់សរុបប្រមាណ ៧៧៩គីឡូក្រាម ដែលត្រូវបានមន្ត្រីជំនាញដកហូតយកទៅរក្សាទុក ដើម្បីអនុវត្តនីតិវិធី និងចាត់វិធានការតាមផ្លូវច្បាប់ជាបន្ត។

ក្នុងឱកាសនោះ លោក ខុន សេរីរដ្ឋា បានណែនាំដល់ម្ចាស់អាជីវកម្ម និងអ្នកនាំចូលទំនិញទាំងអស់ ត្រូវគោរពតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការនាំចូល ការស្តុកទុក និងការចែកចាយផលិតផលម្ហូបអាហារ ដោយធានាឱ្យបាននូវគុណភាព សុវត្ថិភាព និងប្រភពដើមច្បាស់លាស់ ដើម្បីការពារសុខភាព និងផលប្រយោជន៍របស់អ្នកប្រើប្រាស់។ ជាពិសេស ត្រូវបញ្ឈប់ការនាំចូល និងលក់ទំនិញដែលមានប្រភពពីប្រទេសថៃ។

សូមបញ្ជាក់ថា ការចុះត្រួតពិនិត្យឃ្លាំងទំនិញសង្ស័យមានប្រភពនាំចូលពីប្រទេសថៃនេះ គឺធ្វើឡើងស្របតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ដែលបានជំរុញឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធក្នុងការនាំចូលទំនិញពីថៃ និងបន្តរឹតបន្តឹងការត្រួតពិនិត្យតាមឃ្លាំងស្តុកទំនិញ និងសាច់បង្កកធំៗនៅទូទាំងប្រទេស៕

By Dy Chanthoeun

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *

You missed