ចេញផ្សាយ÷ ថ្ងៃសុក្រ ទី 6 ខែកុម្ភៈ ឆ្នាំ 2026
ដោយ÷ វីស៊ីអេស ធីវីអនឡាញ
ក្រសួងធនធានទឹក និងឧទ្តុនិយមកម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍នេះ បានចេញការព្រមានរបស់ខ្លួនស្ដីពីលទ្ធភាពភ្លៀងធ្លាក់ លាយឡំនឹងខ្យល់កន្រ្តាក់ និងផ្គររន្ទះ ចន្លោះពីថ្ងៃទី ៦ ដល់ថ្ងៃទី ១២ កុម្ភៈ ដោយសារតែព្យុះត្រូពិកខែប្រាំង ឈ្មោះ ពែនញ៉ា។
ឥឡូវនេះ ព្យុះត្រូពិក ពែនញ៉ា ដែលជាព្យុះទី២ប្រចាំរដូវកាលទីហ្វុងឆ្នាំ ២០២៦ កំពុងវាយប្រហារក្បែរកោះភាគខាងត្បូងនៃប្រទេសហ្វីលីពីន ក្នុងល្បឿនខ្យល់បក់បោកថេរ ៧៥ គីឡូម៉ែត្រ/ម៉ោង ហើយរំពឹងថានឹងរំកិលខ្លួនបំបុកហ្វីលីពីននៅយប់ថ្ងៃព្រហស្បតិ៍នេះ ចុះខ្សោយ រួចបន្តបោះក្បាលចូលសមុទ្រចិនខាងត្បូង។
តាមការព្យាកររបស់ភ្នាក់ងារឧត្តុនិយមអន្តរជាតិ ក៏ដូចជាក្រសួងធនធានទឹក និងឧត្តុនិយមកម្ពុជា ព្យុះ ពែនញ៉ា នឹងមិនវាយប្រហារកម្ពុជាដោយផ្ទាល់នោះទេ ប៉ុន្តែថា ព្យុះនេះជះឥទ្ធិពលលើខ្យល់មូសុងឦសាន ដែលបក់បោកគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងកម្ពុជាទាំងមូល។
ក្នុងស្ថានភាពបែបនេះ ចន្លោះពីថ្ងៃទី៦-១២ កុម្ភៈ កម្ពុជានឹងឃើញភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់ ដែលគ្រប់ដណ្ដប់លើផ្ទៃដី ១៥% សម្រាប់តំបន់ទំនាបកណ្ដាល ១០% សម្រាប់តំបន់ខ្ពង់រាប និង ២០% សម្រាប់តំបន់មាត់សមុទ្រ។ ដោយឡែកខេត្តស្ទឹងត្រែង និងរតនគិរី ដែលគេរាប់បញ្ចូលក្នុងតំបន់ខ្ពង់រាបនោះ មិនរំពឹងថាមានភ្លៀងធ្លាក់នោះទេ។
មែនទែនទៅ កម្ពុជាមានភ្លៀងធ្លាក់រាយប៉ាយជាបណ្ដើរៗរួចទៅហើយនៅថ្ងៃព្រហស្បតិ៍នេះ ដោយរូបភាពពីផ្កាយរណបរបស់ជប៉ុន Himawari បានបង្ហាញពីពពកផ្កាស្ពែ (cumulonimbus clouds) គ្របដណ្ដប់លើតំបន់មួយចំនួននៃបណ្ដាខេត្តភាគខាងត្បូង ក៏ដូចជាលើដែនសមុទ្រកម្ពុជា។ ការធ្លាក់ភ្លៀងនេះ គឺបណ្ដាលមកពីការចុះខ្សោយនៃខ្យល់ត្រជាក់នៃមូសុងឦសាន ឬប្រព័ន្ធសម្ពាធខ្ពស់ ហើយធ្វើឱ្យប្រព័ន្ធសម្ពាធទាប ដែលគេសម្ដៅលើការស្ទុះឡើងនៃខ្យល់ក្ដៅផ្ទុកសំណើម បង្កើនកម្លាំងទូទាំងតំបន់។
ក្រសួងធនធានទឹក និងឧត្តុនិយមកម្ពុជា បានអំពាវនាវឱ្យសាធារណជនបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសអ្នកដែលធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក ខណៈក្រសួងបន្តឃ្លាំមើល និងវិភាគស្ថានភាពធាតុអាកាស ដើម្បីជូនជាដំណឹង ប្រសិនបើមានការប្រែប្រួល៕

