ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ
អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់នៅព្រឹកថ្ងៃទី២៤ ខែមិថុនា នេះថា ៖ តំណាងអយ្យការសម្រេចបើកការស៊ើបសួរលើជនសង្ស័យពីបទឆបោក (ការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីផ្តន្ទាទោសបទមជ្ឈិម) បទល្មើសដែលត្រូវផ្តន្ទាទោសតាមមាត្រា ៨៨ មាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។
កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយនាយកដ្ឋានសន្តិសុខផ្ទៃក្នុង និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានធ្វើការឃាត់ខ្លួនជនសង្ស័យ១រូប ឈ្មោះ ហ.ត.ហ ភេទប្រុស ពាក់ព័ន្ធនឹងករណី ប្រើប្រាស់គណនីតេឡេក្រាមក្លែងក្លាយ ដោយយករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាស់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់។
តាមរយ:ការស្រាវជ្រាវ និងសាកសួរជនសង្ស័យ ជំនាញកំណត់បានថា ជនសង្ស័យខាងលើបានប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះប្រមាណ៥០លើករួចមកហើយ និងទទួលបានផលពីបទល្មើសបានប្រមាណជាង ១១ម៉ឺនដុល្លារ និងប្រើវិធីសាស្រ្តឆបោកជនរងគ្រោះ ។


