(ស្វាយរៀង)៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង បានចុះបង្ក្រាបការដឹកជញ្ជូនសត្វខុសច្បាប់ ដោយឃាត់រថយន្តចំនួន ២គ្រឿង ដែលដឹកជ្រូករស់សរុប ៥២ក្បាល។

ប្រតិបត្តិការនេះធ្វើឡើងនៅតាមផ្លូវលំ ក្នុងស្រុករមាសហែក និងស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដោយនៅវេលាម៉ោង ២១៖១៥នាទី ក្រុមការងារបានឃាត់រថយន្តម៉ាក SSANGYONG ISTANA «ស៊ាងយ៉ុង អ៊ីស្តាណា» ១គ្រឿង ដែលដឹកជ្រូករស់ចំនួន ២៤ក្បាល មានទម្ងន់ប្រមាណ ៨០-១០០គីឡូក្រាមក្នុងមួយក្បាល នៅលើផ្លូវលំ ក្នុងឃុំចន្ត្រី ស្រុករមាសហែក និងនៅវេលាម៉ោង ២២៖៣៥នាទី ក្រុមការងារបានឃាត់រថយន្តម៉ាក SSANGYONG ISTANA «ស៊ាងយ៉ុង អ៊ីស្តាណា» ១គ្រឿងទៀត ដែលដឹកជ្រូករស់ចំនួន ២៨ក្បាល មានទម្ងន់ប្រមាណ ៨០-១០០គីឡូក្រាមក្នុងមួយក្បាល នៅលើផ្លូវលំ ក្នុងឃុំធ្លក ស្រុកស្វាយជ្រុំ។

តាមការបញ្ជាក់របស់ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា រថយន្តទាំង ២គ្រឿង បានដឹកជ្រូករស់ចេញពីប្រទេសវៀតណាម ចូលមកកម្ពុជាតាមច្រករបៀងក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ដើម្បីយកមកលក់ និងចែកចាយក្នុងខេត្តស្វាយរៀង ដោយគ្មានលិខិតអនុញ្ញាតតាមច្បាប់។

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានបញ្ជាក់ថា បន្ទាប់ពីបង្ក្រាប ក្រុមការងារបាននាំយករថយន្ត និងសត្វជ្រូករស់ជាវត្ថុតាងទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

ជាមួយគ្នានេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា (CLRA) បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ព្រមទាំងមន្ត្រីអធិការកិច្ចបសុពេទ្យខេត្តស្វាយរៀង ដែលបានខិតខំបំពេញការងារយ៉ាងសកម្ម និងម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបការដឹកជញ្ជូនសត្វខុសច្បាប់ ដើម្បីការពារសុខភាពសត្វ និងផលប្រយោជន៍របស់កសិករ និងអ្នកចិញ្ចឹមសត្វក្នុងប្រទេស៕

Screenshot
Screenshot

By Dy Chanthoeun

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *

You missed