ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ
ត្បូងឃ្មុំ៖ តំបន់ប្រវត្តិសាស្ត្រតេជោកោះថ្ម នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពីធីអបអរសាទរពិធីខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៦។
ការប្រារព្ធទិវានេះ គឺក្នុងស្មារតីសម្តែងនូវការចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តម ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងវីរកម្មាភិបាល វីរយុទ្ធជន យុទ្ធនារី ប្រជាជន និងអ្នកស្នេហាជាតិដែលបានធ្វើមហាពលីកម្មបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងសមរភូមិ ដើម្បីរំដោះមាតុភូមិពីកណ្ដាប់ដៃនៃរបបប៉ុល ពត និងបានជួយសង្គ្រោះជីវិតបងប្អូនប្រជាជន និងសង្គមជាតិឱ្យរស់ឡើងវិញ និងរីកចម្រើនរហូតដល់សព្វថ្ងៃនេះ ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានយកឱកាសនេះលំឱនកាយគោរពចំពោះវិញ្ញាណក្ខន្ធបងប្អូនវីរយុទ្ធជន វីរយុទ្ធនារីកម្ពុជា អ្នកស្នេហាជាតិគ្រប់រូប គ្រប់ជំនាន់ដែលបានបូជាជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់ប្រទេសជាតិ និងប្រជាជនកម្ពុជា តាមរយៈចលនាតស៊ូទាំងអស់ និងការបំពេញភារកិច្ចគ្រប់បែបយ៉ាង ឆ្លងកាត់គ្រប់ដំណាក់កាលជាប្រវត្តិសាស្ត្រ រហូតសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនជូនប្រទេសជាតិ និងបានចូលរួមខឿនការពារជាតិ ថែរក្សាសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យ ឯករាជ្យជាតិ និងការអភិវឌ្ឍ។





















































