ចេញផ្សាយ៖ ថ្ងៃទី 26 ខែមេសា ឆ្នាំ 2026

ដោយ÷ វីស៊ីអេស ធីវីអនឡាញ

ព័ត៌មានអន្តរជាតិ | សហរដ្ឋអាមេរិក

(វ៉ាស៊ីនតោន)៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) ព្រមទាំងភរិយា Melania Trump, អនុប្រធានាធិបតី JD Vance និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត ត្រូវបានភ្នាក់ងារសម្ងាត់អាមេរិក (Secret Service) ជម្លៀសចេញពីកម្មវិធីជប់លៀងអ្នកយកព័ត៌មាន (White House Correspondents’ Dinner) ដែលប្រារព្ធឡើងនៅសណ្ឋាគារ Washington Hilton ដោយសារកើតមានស្ថានភាពអាសន្នផ្នែកសន្តិសុខ។
តាមការរាយការណ៍ មានសម្លេងផ្ទុះខ្លាំង ដែលត្រូវបានសង្ស័យថា អាចជាសម្លេងបាញ់កាំភ្លើង បានឮឡើងក្នុងពេលកម្មវិធីកំពុងដំណើរការ បណ្តាលឱ្យអ្នកចូលរួមមានការភ័យស្លន់ស្លោ និងខ្លះៗបាននាំគ្នាក្រាបចុះក្រោមតុ ដើម្បីរកសុវត្ថិភាព។
ស្ថានភាពបច្ចុប្បន្ន
យោងតាមសារដែលលោក ត្រាំ បានបង្ហោះ លោកបានបញ្ជាក់ថា លោក ភរិយា អនុប្រធានាធិបតី និងសមាជិកគណៈរដ្ឋមន្ត្រីទាំងអស់ មានសុវត្ថិភាពល្អធម្មតា។
លោកក៏បានឲ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានហើយ ហើយលោកបានសម្រេចចាកចេញពីទីតាំងកើតហេតុតាមពិធីការសន្តិសុខ។
ជាមួយគ្នានេះ លោក ត្រាំ បានឲ្យដឹងថា លោកគ្រោងនឹងធ្វើសន្និសីទសារព័ត៌មានក្នុងរយៈពេលប្រមាណ ៣០ នាទី បន្ទាប់ពីហេតុការណ៍កើតឡើង នៅបន្ទប់សន្និសីទរបស់សេតវិមាន។
ចំពោះកម្មវិធីជប់លៀងដែលត្រូវបានអាក់ខាន គ្រោងនឹងរៀបចំឡើងវិញក្នុងរយៈពេល ៣០ ថ្ងៃ ខាងមុខ។
គួរបញ្ជាក់៖ ព័ត៌មាននេះជាការរាយការណ៍បឋម ដោយអាជ្ញាធរកំពុងបន្តស៊ើបអង្កេត និងអាចមានការធ្វើបច្ចុប្បន្នភាពបន្ថែមនៅពេលក្រោយ។
ប្រភព៖ BBC / Al Jazeera / The Guardian

By Dy Chanthoeun

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *