ចេញផ្សាយ ថ្ងៃទី1 ខែសីហា ឆ្នាំ 2026
ដោយ÷ វីស៊ីអេស ធីវីអនឡាញ
ភ្នំពេញ៖ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅសាលបណ្តុះបណ្តាល និងវិក្រឹតការនៃក្រសួងព័ត៌មាន ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន វគ្គទី៩ ដែលរៀបចំឡើងដោយកិច្ចសហការរវាង សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព, សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព និង សមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព ក្រោមការគាំទ្រ និងសម្របសម្រួលពីក្រសួងព័ត៌មាន។
ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន ថ្នាក់ដឹកនាំសមាគម វាគ្មិនជំនាញ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានមកពីបណ្តាអង្គភាពព័ត៌មាននានាទូទាំងប្រទេស សរុបចំនួន ១៨០នាក់ មកពី ៥០អង្គភាពព័ត៌មាន ដែលបានបង្ហាញពីការយកចិត្តទុកដាក់ចំពោះការពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យព័ត៌មាន។
នៅក្នុងមតិស្វាគមន៍ លោក ហ៊ុន មករា ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព និងតំណាងសមាគមទាំងបី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងព័ត៌មាន ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី នេត ភក្រ្តា ដែលបានផ្តល់ការគាំទ្រ ការណែនាំ និងលើកទឹកចិត្តជាបន្តបន្ទាប់ ដល់ការបណ្តុះបណ្តាល និងការកសាងសមត្ថភាពអ្នកសារព័ត៌មានកម្ពុជា។
លោកបានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលលើកទី៩នេះ ផ្តោតលើប្រធានបទសំខាន់ចំនួនពីរ គឺ អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI) សម្រាប់អ្នកសារព័ត៌មាន និងការប្រើប្រាស់ AI ប្រកបដោយទំនួលខុសត្រូវ និង ការរាយការណ៍ព័ត៌មានក្នុងស្ថានភាពវិបត្តិ និងជម្លោះ ដោយគោរពតាមស្តង់ដារវិជ្ជាជីវៈសារព័ត៌មាន ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល និងបរិបទព័ត៌មានសម័យថ្មី។
លោក ហ៊ុន មករា បានបន្ថែមថា គិតមកដល់ពេលនេះ កន្លងមក ក្រោមការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកកិច្ចការងារសមាគមសារព័ត៌មាន និងការជួយជ្រោមជ្រែងពីសំណាក់ ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ជាពិសេស អនុសាសន៍ណែនាំចង្អុលបង្ហាញដ៏ថ្លៃថ្លានិងកិច្ចជ្រោមជ្រែងពីសំណាក់ ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព បានរៀបចំវគ្គបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន កន្លងមកសរុប៩វគ្គ ទទួលបានសិក្ខាកាម ១៤៤១នាក់ ក្រុមការងារបណ្តុះបណ្តាលយើងនឹងខិតខំសហការគ្នាបន្ថែមទៀត។
ក្នុងនាមគណៈកម្មាធិការរៀបចំវគ្គបណ្តុះបណ្តាល និងក្នុងនាមថ្នាក់ដឹកនាំសមាគមទាំងបី សូមសម្តែងនូវ ការដឹងគុណដ៏ជ្រាលជ្រៅចំពោះ ក្រសួងព័ត៌មាន ដែលជានិច្ចកាលបានយកចិត្តទុកដាក់ដឹកនាំ គាំទ្រ សម្របសម្រួល និងលើកទឹកចិត្តដល់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យព័ត៌មាន ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសដ៏វិសេសវិសាលនេះ សមាគមទាំងបី សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាវាគ្មិន អ្នកឧបត្ថម្ភ ដៃគូសហការ អង្គភាពពាក់ព័ន្ធ និងសិក្ខាកាមទាំងអស់ ដែលបានចូលរួមគាំទ្រ និងរួមចំណែកធ្វើឱ្យវគ្គបណ្តុះបណ្តាលនេះអាចប្រព្រឹត្តទៅដោយជោគជ័យ។
អង្គសិក្ខាសាលាមានជំនឿយ៉ាងមុតមាំថា ចំណេះដឹង និងបទពិសោធន៍ដែលសិក្ខាកាមទទួលបានពីវាគ្មិនជំនាញ និងអ្នកមានបទពិសោធន៍ នឹងក្លាយជាធនធានដ៏មានតម្លៃ សម្រាប់អនុវត្តក្នុងការងារជាក់ស្តែង រួមចំណែកលើកកម្ពស់គុណភាពព័ត៌មាន ការពារកិត្តិយសវិជ្ជាជីវៈអ្នកសារព័ត៌មាន និងពង្រឹងទំនុកចិត្តរបស់សាធារណជនចំពោះប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។
មានប្រសាសន៍ ក្នុងសុន្ទរកថាបើកវគ្គ ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា AI គឺជាឧបករណ៍ដែលអាចជួយបង្កើនល្បឿន និងប្រសិទ្ធភាពការងារសារព័ត៌មាន ប៉ុន្តែមិនអាចជំនួសការគិត ការវិភាគ ការផ្ទៀងផ្ទាត់ប្រភពព័ត៌មាន ការវិនិច្ឆ័យ និងក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មានបានឡើយ។ ដូច្នេះ អ្នកសារព័ត៌មានត្រូវចោទសំណួរ និងផ្ទៀងផ្ទាត់ជានិច្ចចំពោះព័ត៌មាន ឬអត្ថបទដែលបង្កើតដោយ AI មុននឹងផ្សព្វផ្សាយ ដើម្បីធានាថាព័ត៌មានមានភាពត្រឹមត្រូវ និងអាចទទួលខុសត្រូវបាន។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យអ្នកសារព័ត៌មានបន្តពង្រឹងសមត្ថភាពសរសេរ និងផលិតព័ត៌មានប្រកបដោយគុណភាព ស្របតាមក្រមសីលធម៌ និងគោលការណ៍គ្រឹះនៃវិជ្ជាជីវៈ ដើម្បីរក្សាទំនុកចិត្តរបស់សាធារណជន និងបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត។
ឯកឧត្តមបានបញ្ជាក់ដែរថា ការវិនិយោគលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសារព័ត៌មាន គឺជាការវិនិយោគលើគុណភាពព័ត៌មាន និងទំនុកចិត្តរបស់សាធារណជន ព្រោះអ្នកសារព័ត៌មានគឺជាកម្លាំងស្នូលក្នុងការតភ្ជាប់ព័ត៌មានរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។ ក្រសួងព័ត៌មាននឹងបន្តគាំទ្រ និងលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានអភិវឌ្ឍសមត្ថភាព និងធ្វើទំនើបកម្មខ្លួនឱ្យស្របតាមការវិវឌ្ឍនៃបច្ចេកវិទ្យា និងសង្គម។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយទំនើប បានផ្លាស់ប្តូរយ៉ាងខ្លាំងនូវការផលិត ការផ្សព្វផ្សាយ និងការទទួលព័ត៌មាន។ ទន្ទឹមនឹងការផ្តល់ឱកាសឱ្យព័ត៌មានឈានដល់ប្រជាពលរដ្ឋបានលឿនជាងមុន បច្ចេកវិទ្យាក៏បានបង្កើនហានិភ័យនៃការរីករាលដាលព័ត៌មានក្លែងក្លាយ និងព័ត៌មានបំពុល ដែលអាចប៉ះពាល់ដល់គុណភាពវិជ្ជាជីវៈសារព័ត៌មាន ទំនុកចិត្តរបស់សាធារណជន និងស្ថិរភាពសង្គម។
ក្នុងន័យនេះ ឯកឧត្តមបានអំពាវនាវឱ្យអ្នកសារព័ត៌មានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងបន្តគាំទ្រយុទ្ធនាការ «និយាយថា ទេ ចំពោះព័ត៌មានក្លែងក្លាយ» ដើម្បីលើកកម្ពស់អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសក្នុងចំណោមយុវជន និងរួមចំណែកកសាងបរិយាកាសព័ត៌មានប្រកបដោយសុវត្ថិភាព និងភាពជឿទុកចិត្ត។
ជាថ្មីម្តងទៀត ឯកឧត្តម នេត្រ ភក្ត្រា បានក្រើនរំលឹកថា បងប្អូនអ្នកសារព័ត៌មានមិនគួរជឿទុកចិត្តលើ AI ដោយគ្មានការត្រួតពិនិត្យនោះឡើយ ព្រោះ AI ត្រូវបានបង្កើតឡើងដោយមនុស្ស ហើយព័ត៌មានដែលវាផ្តល់អាចមានកំហុស ឬមិនទាន់ធ្វើបច្ចុប្បន្នភាពគ្រប់ជ្រុងជ្រោយ។ ដូច្នេះ រាល់ព័ត៌មាន ឬទិន្នន័យដែលទទួលបានពី AI ត្រូវតែឆ្លងកាត់ការផ្ទៀងផ្ទាត់ពីប្រភពដែលអាចជឿទុកចិត្តបាន មុននឹងយកទៅផលិត និងផ្សព្វផ្សាយជាព័ត៌មាន។
ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ការរួមសហការគ្នាក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើងគឺជាការបង្ហាញនូវសាមគ្គីភាពមួយយ៉ាងសំខាន់នៅក្នុចំណោមអ្នកសារព័ត៌មានរបស់យើង។ នេះគឺជាការចូលរួមជាមួយក្រសួង ជាមួយរាជរដ្ឋាភិបាលនៅក្នុងការពង្រឹងគុណភាពអ្នកសារព័ត៌មាន ហើយការដែលយើងចូលមកទទួលយកការនេះ មិនមែនមានន័យថាយើងខ្សោយទេ មិនមែនមានន័យថាយើងអត់ចេះនោះទេ ក៏ប៉ុន្តែគឺជាការដែលយើងបំពាក់បំប៉នបន្ថែម ពង្រឹងសមត្ថភាព ចំណេះដឹងដែលយើងមាន ដើម្បីឱ្យកាន់តែរឹងមាំ ហើយវាបន្ស៊ីទៅនឹងការវិវត្តរបស់សង្គម។ ពាក់ព័ន្ធនឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI សម្រាប់អ្នកសារព័ត៌មានឯកឧត្តមរដ្ឋមន្ត្រីបានដាក់ជាសំណួរថា តើយើងត្រូវប្រើប្រាស់បញ្ញាសិប្បនិម្មិត ឬក៏ AI នេះឱ្យស្របទៅតាមក្របសីលធម៌ និងការទទួលខុសត្រូវដូចម្តេច ដើម្បីឱ្យយើងមានសុវត្ថិភាពទាំង អ្នកប្រើប្រាស់ ទាំងអ្នកដែលទទួលព័ត៌មានពីយើង ដែលចំណុចនេះក្រសួងព័ត៌មានបានលើកឡើងពាក់ព័ន្ធជាមួយនឹងសន្តិសុខព័ត៌មានដែលយើងផ្តោតទៅលើចំណុច ៣សំខាន់ ដែលជាកត្តារួមផ្សំទៅលើការងារសន្តិសុខព័ត៌មាន ទី១.សិទ្ធិទទួលព័ត៌មាន៖ ធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបាននូវសិទ្ធិពេញលេញ ទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ។ ទី២. គុណភាពព័ត៌មាន៖ គឺយើងពង្រឹងគុណភាពនៃអត្ថបទរបស់យើង និងគុណភាពព័ត៌មានដែលយើងផ្សព្វផ្សាយទៅ គឺមិនមែនជាព័ត៌មានដែលមិនមានប្រយោជន៍សម្រាប់ប្រជាជនរបស់យើងនោះទេ។ អ៊ីចឹងការពង្រឹងគុណភាពនេះគឺជាការសំខាន់ ដោយសារបច្ចុប្បន្នយើងឃើញមានប្រព័ន្ធផ្សព្វផ្សាយច្រើន ដែលយើងសូមលើកត្រឹមតែបណ្តាញទៅសង្គមចុះ ទី១.បណ្តាញសង្គម Facebook យើងបច្ចុប្បន្នមាន ១៥លានគណនី Facebook សម្រាប់ប្រជាជន ១៧លាននាក់នៅកម្ពុជារបស់យើង។ ទី២.TikTok គណនី TikTok នៅក្នុងរយៈពេល ៣ឆ្នាំ ៤ឆ្នាំចុងក្រោយនេះទេ មានការកើនឡើងហើយមានប្រជាប្រិយភាពនៅក្នុងចំណោមប្រជាជន គឺប្រមាណជា ១០លានគណនី៕











































