ចេញផ្សាយ ថ្ងៃទី24 ខែកក្កដា ឆ្នាំ 2026
ដោយ÷ វីស៊ីអេស ធីវីអនឡាញ

សូម​អបអរសាទរ​ក្រុម​កីឡាបាល់ទះ​​បុរស​ជម្រើស​ជាតិ​កម្ពុជា បាន​យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីន ដោយ​លទ្ធផល ៣សិតទល់០ ក្នុង​​ប្រកួត​បិទពូល​ B នៃ​​ពានរង្វាន់ SEA V-CUP ជើងទី២ រដូវកាលទី៦ ឆ្នាំ២០២៦ នៅ​ថ្ងៃព្រហស្បត្តិ៍ ទី​២៣ ខែកក្កដា ឆ្នាំ​២០២៦ ក្នុង​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី។

ជ័យជម្នះនេះ​បាន​ធ្វើ​ឱ្យ​ក្រុម​កម្ពុជារបស់យើង មានភាគរយ​ខ្ពស់ ដើម្បី​បន្តដំណើរទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​​ផ្ដាច់ព្រ័ត្រ ដោយ​ត្រូវ​រង់ចាំ​អ៊ុត​លទ្ធផល​ប្រកួត​ចុងក្រោយរ​វាង​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី ទល់​ហ្វីលីពីន នៅ​ថ្ងៃ​ស្អែក​នេះ​សិន។

ក្នុង​នាមជាប្រធាន​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា ខ្ញុំ​សូម​ថ្លែង​អំណរគុណដល់​ប្រតិភូ ក្រុមការងារគ្រូបង្វឹក និងប្អូនៗកីឡាករ ដែលបានខិតខំប្រឹងប្រែងប្រកួត​ពី​មួយលើកទៅមួយលើក ដោយ​ស្វាហាប់និង​ឆន្ទៈមោះមុត។

ជាមួយ​គ្នា​នេះដែរ ខ្ញុំក៏សូម​ថ្លែង​អំណរគុណ​ដល់​ពុកម៉ែ​ បងប្អូនទាំងអស់ ដែល​បាន​លើក​ទឹកចិត្ត​ដល់​កីឡាករ​យើង ​នៅ​ទីលាន​ផ្ទាល់ និង​ទស្សនាតាម​ប្រព័ន្ធផ្សព្វផ្សាយនានា ទាំងក្នុងនិងក្រៅប្រទេស។

ខ្ញុំ​សូម​ស្នើដល់ពុកម៉ែ បងប្អូនទាំងអស់ សូមបន្តការគាំទ្រ​ក្រុម​កីឡាបាល់ទះ​​បុរស​ជម្រើស​ជាតិ​កម្ពុជា ដើម្បីជាការលើកទឹកចិត្ត ឆ្ពោះទៅដណ្តើមជ័យជម្នះជូនជាតិមាតុភូមិនៃយើង។

ជាចុងក្រោយ សូមជូនពរដល់ក្រុមកីឡាករ ប្រតិភូ និងគ្រូបង្វឹក ទទួល​បាន​ឱកាស​ឡើង​ទៅ​ប្រកួត​វគ្គ​បន្ត ប្រកប​ដោយ​ស្មារតីប្រកួតយ៉ាងស្វាហាប់ និង​សម្រេច​បាន​ជោគជ័យ​បន្ថែមទៀត៕

By Dy Chanthoeun

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *

You missed