យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ពាក់ព័ន្ធនឹងករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍” ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ជនជាតិខ្មែរ (ស្រីចំនួន ០១នាក់)។
តាមរយ:ការស្រាវជ្រាវ កម្លាំងជំនាញកំណត់បានថា ជនសង្ស័យបានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ “Zeii Neth” ជាមធ្យោបាយទាក់ទងជាមួយជនរងគ្រោះ ដើម្បីគំរាមកំហែងហែកកេរ្តិ៍ និងកំហែងទារប្រាក់ពីជនរងគ្រោះ។
បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ ខាងលើ នាយកដ្ឋានបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ និងត្រូវបានចៅក្រម នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្ដោះអាសន្នពីបទ «គំរាមកំហែងហែកកេរ្តិ៍» ដោយឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ (ព្រៃស ម១) និងមណ្ឌលអប់កែប្រែទី២(ព្រៃស ម២)។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជន សូមមេត្តាពិនិត្យ ពិចារណាអោយបានហ្មត់ចត់ មុនសម្រេចចិត្តក្នុងការខ្ចីប្រាក់តាមរយៈអនឡាញ ជាពិសេសសូមពិនិត្យថាតើអ្នកផ្តល់កម្ចីនោះមានស្ថាប័នកម្ចីស្របច្បាប់ដែរឬទេ មុននឹងសម្រេចចិត្តក្នុងការខ្ចី ជៀសវាងទទួលនូវហនិភ័យនានានៅពេលក្រោយ៕

