ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ

នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី និងសម្ពោធអគារសិក្សា ចំណត និងការិយាល័យកម្ពស់ ៦ជាន់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅរាជធានីភ្នំពេញ។

មានប្រសាសន៍ក្នុងឱកាសនោះ, សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានសម្តែងនូវក្តីសោមនស្សរីករាយ និងបានអបអរសាទរយ៉ាងកក់ក្តៅចំពោះនិស្សិតជ័យលាភីទាំង ៤ ០០១ អង្គ/នាក់ ព្រមទាំងក្រុមគ្រួសារ, សាស្ត្រាចារ្យ, គណៈគ្រប់គ្រង និងបុគ្គលិកនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលខិតខំប្រឹងប្រែងរួមគ្នា និងបានបង្កលក្ខណៈឱ្យនិស្សិតសម្រេចបានជោគជ័យ។  សម្ដេចធិបតី បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងសាស្រ្តាចារ្យនៃសាកលវិទ្យាល័យ ឱ្យបន្តពង្រឹងគុណភាពអប់រំ, ការស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីចូលរួមអភិវឌ្ឍមូលធនមនុស្ស លើវិស័យសេដ្ឋកិច្ច, នីតិសាស្រ្ត, យុត្តិធម៌ និងរដ្ឋបាលសាធារណៈ ប្រកបដោយសមត្ថភាព, សីលធម៌ និងស្មារតីស្នេហាជាតិ។ ជាមួយគ្នានេះ, សម្ដេចធិបតីក៏បានជំរុញឱ្យបុគ្គលិកអប់រំទាំងអស់ខិតខំអភិវឌ្ឍសមត្ថភាពឌីជីថល និងវិធីសាស្ត្របង្រៀនជាប្រចាំ ដើម្បីបង្កើនប្រសិទ្ធភាពនៃការអប់រំ និងផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង។

ក្នុងឱកាសនោះដែរ, សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានគូសរំលេចថា រាជរដ្ឋាភិបាលបានដាក់ចេញ «យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ » ដែលជាយុទ្ធសាស្រ្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ រយៈពេលវែង ដោយបន្តផ្តល់អាទិភាពទី១ ដល់ «មនុស្ស» និង បន្ថែមអាទិភាពថ្មី គឺ «បច្ចេកវិទ្យា» សំដៅផ្លាស់ប្តូរខឿនសេដ្ឋកិច្ចកម្ពុជា ពីសេដ្ឋកិច្ចពឹងផ្អែកលើកម្លាំងពលកម្ម ទៅជាសេដ្ឋកិច្ចពឹងផ្អែកលើជំនាញ និងបច្ចេកវិទ្យា ។ រាជរដ្ឋាភិបាលបាននិងកំពុងលើកកម្ពស់គុណភាពនៃការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ; ការអភិវឌ្ឍជំនាញ, ទាំងជំនាញរឹង និងជំនាញទន់; ការរៀបចំកម្លាំងពលកម្មឱ្យឆ្លើយតបកាន់តែប្រសើរទៅនឹងការផ្លាស់ប្តូរនៃនិម្មាបនកម្មសេដ្ឋកិច្ច, តម្រូវការទីផ្សារការងារ, និងបច្ចេកវិទ្យាឌីជីថលតាមរយៈការផ្លាស់ប្តូរជំនាញ និងការបង្កើនជំនាញ; និងការលើកកម្ពស់សុខភាពសាធារណៈ។ ជាមួយនេះ, រាជរដ្ឋាភិបាលក៏កំពុងកែលម្អលក្ខខណ្ឌការងារ, ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន, តាមរយៈការកែទម្រង់ស្ថាប័ន និងអភិបាលកិច្ច, ការលើកកម្ពស់គុណាធិបតេយ្យ, និងការកែសម្រួលប្រព័ន្ធលើកទឹកចិត្ត។ សម្ដេចធិបតីបានគូសបញ្ជាក់ថា រដ្ឋាភិបាលក៏កំពុងខិតខំប្រឹងប្រែងពង្រីកហេដ្ឋារចនាសម្ព័ន្ធអប់រំទៅដល់មូលដ្ឋាន និងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលមានគុណវុឌ្ឍិសមស្រប ព្រមទាំងបានអំពាវនាវដល់គ្រឹះស្ថានសិក្សាទាំងអស់កុំទម្លាក់គុណភាពដើម្បីតែការប្រកួតប្រជែងឱ្យសោះ។

សម្ដេចធិបតីបានគូសបញ្ជាក់ថា គុណភាពនៃការអប់រំមិនមែនសំដៅត្រឹមតែលើការបំពាក់កុំព្យូទ័រ ឬអគារសិក្សាខ្ពស់ៗនោះទេ ហើយសិស្សក៏មិនគួរទៅរៀនត្រឹមតែដើម្បីយកពិន្ទុ ឬសញ្ញាបត្រនោះដែរ ប៉ុន្តែត្រូវយកពិន្ទុក្នុងសង្គមតាមរយៈសមត្ថភាពជាក់ស្តែង ដោយសម្ដេចធិបតីបានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនថា មេរៀននៃឥរិយាបថល្អ ការបង្កើតគំនិតច្នៃប្រឌិត និងការទទួលខុសត្រូវក្នុងជីវិត ជាអ្វីដែលមិនអាចបំភ្លេចបាន ខណៈបទបញ្ជាផ្ទៃក្នុង និងទម្ងន់នៃការសិក្សានៅសាលា គឺជួយបណ្ដុះបណ្ដាលមនុស្សឱ្យចេះឆ្លងកាត់ការងារលំបាក និងចៀសវាងការដើរតាមផ្លូវកាត់។ សម្ដេចធិបតីបន្តថា ផលិតភាព (Productivity) កើតចេញពី «គុណភាព + បំណិន + ឥរិយាបថ» រួមផ្សំជាមួយនឹងឆន្ទៈ។ ជាមួយគ្នានេះ, សម្ដេចធិបតីបានសង្កត់ធ្ងន់ថា សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដា ដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់។ ចំពោះផ្នែកបច្ចេកវិទ្យា, គោលដៅចុងក្រោយគឺការប្រើប្រាស់ក្នុងកម្រិតសមស្របមួយដើម្បីបង្កើនសមត្ថភាព ដោយនៅតែរក្សាបាននូវបំណិនមូលដ្ឋាន ពោលគឺសិស្ស-និស្សិតមិនត្រូវពឹងផ្អែកលើបច្ចេកវិទ្យាខ្លាំងពេក រហូតបាត់បង់ម្ចាស់ការលើខ្លួនឯងឡើយ ប៉ុន្តែត្រូវមានសមត្ថភាពម្ចាស់ការក្នុងការគ្រប់គ្រង និងប្រើប្រាស់វាឱ្យមានប្រសិទ្ធភាព។

ជាចុងក្រោយ, សម្ដេចធិបតីបានផ្តាំផ្ញើដល់និស្សិតជ័យលាភីទាំងអស់ឱ្យពឹងផ្អែកលើខ្លួនឯង និងប្រែក្លាយសញ្ញាបត្រដែលទទួលបានឱ្យទៅជាសញ្ញាឃើញ នៃសមត្ថភាពពិតប្រាកដ តាមរយៈការខិតខំស្រាវជ្រាវ និងរៀនសូត្រពេញមួយជីវិត។ សម្ដេចធិបតីបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ប្អូនៗជ័យលាភីនឹងយកចំណេះដឹង,ជំនាញ និងបំណិនទាំងនេះ ទៅបម្រើការងារក្នុងស្ថាប័នរដ្ឋ, វិស័យឯកជន ឬអង្គការនានា ដើម្បីបំពេញតម្រូវការផ្ទាល់ខ្លួន គ្រួសារ និងរួមចំណែកអភិវឌ្ឍសង្គមជាតិ។ បន្ថែមលើនេះ, ជ័យលាភីទាំងអស់ត្រូវខិតខំជម្នះរាល់ឧបសគ្គ ដើម្បីកសាងខ្លួនជាពលរដ្ឋល្អ, មន្ត្រីល្អ និងបុគ្គលិកល្អ ដែលមានមនសិការវិជ្ជាជីវៈ, សីលធម៌ និងស្មារតីដាក់ខ្លួនបម្រើប្រជាជនដោយស្មោះត្រង់ ដើម្បីបុព្វហេតុជាតិមាតុភូមិ៕

By Dy Chanthoeun

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *

You missed