(កណ្ដាល)៖ បុរសជាមុខសញ្ញាញៀនថ្នាំម្នាក់ ដែលទើបនឹងចេញពីពន្ធនាគារ ត្រូវបានកម្លាំងនគរបាលស្រុកកណ្តាលស្ទឹង ឃាត់ខ្លួនភ្លាមៗ ខណៈកំពុងលីផ្លែចេកខ្ចី ០១ស្ទោង ដែលខ្លួនទើបនឹងលួចកាត់យកទៅលក់ កាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិព្រៃតាតូច ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យរូបនេះមានឈ្មោះ សុន ជីវ័ន្ត ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុខាងលើ និងមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន។

ភ្លាមៗបន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចក៏បានដកហូតវត្ថុតាងរួមមានផ្លែចេកខ្ចី ០១ស្ទោង និងកាំបិតកញ្ចែត ០១ដើម ដែលមានដងជ័រ ពណ៌ខ្មៅ និងផ្លែដែកប្រវែង ២៨សង់ទីម៉ែត្រ។

ប្រភពសមត្ថកិច្ច បានឱ្យដឹងទៀតថា មុនពេលកើតហេតុនៅវេលាម៉ោង ១៩៖៤០នាទីយប់ ជនសង្ស័យត្រូវបានបក្ខពួកម្នាក់ឈ្មោះ រ៉ង (ប្រុស, ២៧ឆ្នាំ) ដើរមកហៅដល់ផ្ទះ ដើម្បីបបួលទៅជក់គ្រឿងញៀននៅដីឡូត៍ទុកចោលខាងក្រោយផ្ទះ ដោយឈ្មោះ រ៉ង ជាអ្នកទិញថ្នាំញៀន ០១កញ្ចប់តូចតម្លៃ ០១ម៉ឺន ០៥ពាន់រៀល សម្រាប់ជក់ជាមួយ គ្នា។ ក្រោយពេលជក់រួច ឈ្មោះ រ៉ង បានត្រឡប់ទៅផ្ទះវិញបាត់ ចំណែកជនសង្ស័យក៏បានក្រឡេកឃើញផ្លែចេកខ្ចី ០១ស្ទោង ធ្លាក់ចូលក្នុងរបងដីឡូត៍ទំនេរនោះ រួចក៏ដើរត្រឡប់ទៅផ្ទះវិញ។

សមត្ថកិច្ច បានបន្តថា លុះដល់វេលាម៉ោង ២១៖៤០ នាទីយប់ ថ្ងៃដដែល ជនសង្ស័យបានយកកាំបិតកញ្ចែតដើរទៅខាងក្រោយផ្ទះ និងធ្វើសកម្មភាពលួចកាត់ផ្លែចេកខ្ចីនោះតែម្តង។ រហូតដល់វេលាម៉ោង ២៣៖០៥ នាទីយប់ ពេលជនសង្ស័យកំពុងលីផ្លែចេកដែលបានកាត់នោះដើរតាមផ្លូវលំក្នុងភូមិ ក្នុងបំណងយកទៅលក់ឱ្យអ្នកលក់បន្លែ ស្រាប់តែប្រទះជួបកម្លាំងសមត្ថកិច្ចកំពុងល្បាត ទើបឈានដល់ការឃាត់ខ្លួនរួមជាមួយវត្ថុតាងតែម្តង។

សមត្ថកិច្ច បានបញ្ជាក់ថា កន្លងមកជនសង្ស័យខាងលើនេះធ្លាប់បានធ្វើសកម្មភាពលួចកាត់ផ្លែចេកខ្ចីគេ ០២ដង រួចមកហើយ និងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈ ពេល ០១ឆ្នាំកន្លះ ពាក់ព័ន្ធនឹងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

By Dy Chanthoeun

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *